ភ្នំពេញ៖ លោក Keisuke Honda អតីតអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងជាស្ថាបនិក ក្លឹប Soltilo Angkor FCបានប្រកាសបញ្ចប់ប្រតិបត្តិការរបស់ក្លឹប Soltilo Angkor FC ស្ថិតនៅខេត្តសៀមរាប ក្រោយពេលដែលបានដំណើរការតាំងពីឆ្នាំ ២០១៧។
លោក Keisuke Honda នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ បានសរសេរនៅលើទំព័រហ្វេសបុករបស់ខ្លួនថា «ប្រជាជនកម្ពុជា និងខេត្តសៀមរាប!ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លឹប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧»។
លោកបន្តថា «ពួកយើងបានដំណើរការក្លឹបនេះអស់រយៈពេលប្រាំមួយឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។ ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត»។
ជាមួយគ្នានេះ លោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក វ៉ាន់និត ដែលបានគាំទ្រលោកក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល ៧ ឆ្នាំមកនេះ ហើយលើសពីនេះទៅទៀត លោកសូមសម្ដែងនូវអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រលោករហូតមកដល់ពេលនេះ។
លោក Keisuke Honda បានសរសេរដោយដាក់ក្តីសង្ឃឹមថា «ខ្ញុំគាំទ្រប្រទេសកម្ពុជា ហើយជឿជាក់ថាថ្ងៃណាមួយកម្ពុជានឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup។ សូមសំណាងល្អកម្ពុជា!»៕