សមត្ថកិច្ចភ្នំពេញ បង្ហាញវត្ថុតាង និងជនសង្ស័យ៨ នាក់ពាក់ព័ន្ធករណីប្លន់ប្រដាប់អាវុធយកគ្រឿងអលង្ការនិងប្រាក់នៅស្ទឹងមានជ័យ

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៣ បានបង្ហាញវត្ថុតាងនិង មុខសញ្ញាជនសង្ស័យចំនួន ៨ នាក់ ពាក់ព័ន្ធសកម្មភាពបាញ់ប្លន់យក គ្រឿង អលង្ការ និងប្រាក់ គិតជាទឹកប្រាក់ជិត ២០ម៉ឺនដុល្លារ ពីអាជីវករលក់មាសកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្ទះ មួយកន្លែង តាមផ្លូវបេតុងលេខ៦២ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

របាយការន៍របស់សមត្ថកិច្ចរាជធានីភ្នំពេញ ឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៧ និង១០ នាទី មានករណី អំពើលួច មានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ប្រើអាវុធខ្លីចំនួន០៤ដើមវាយជនរងគ្រោះ បណ្តាលឲ្យបែកក្បាលខាងស្ដាំរងរបួស និងបាញ់គំរាមឡើងលើចំនួន០២គ្រាប់ ប្លន់យកកាបូបស្ពាយ ដែលក្នុងនោះមានមាសចំនួន១២តម្លឹង,ផ្លាកទីនទឹក៣និងទឹក៧ចំនួន១០០តម្លឹងជាង និងប្រាក់ចំនួន១ លានរៀលជាង) ប្រព្រឹត្តនៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៥ នាក់ជិះម៉ូតូចំនួន ០២ គ្រឿង និង រ៉ឺម៉កម៉ូតូចំនួន ០១ គ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន ០៤ ដើម ពីជនរងគ្រោះកំពុងដើរស្ពាយកាបូបស្ពាយ ពណ៌ ខ្មៅ បានសម្រេចរួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់។

របាយការណ៍ដដែលបន្តថា ក្រោយកើតហេតុភ្លាម សមត្ថកិច្ចធ្វើប្រតិបត្តិការចុះស្រាវជ្រាវ ជា លទ្ធផលស្រាវជ្រាវ នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងការិយាល័យបានសហការជាមួយសមត្ថ កិច្ចស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០៨ នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីខាងលើ ចាប់យកវត្ថុតាងអាវុធខ្លីជាមធ្យោបាយធ្វើសកម្មភាព និង ភស្តុតាងជាគ្រឿងអលង្ការរបស់ជនរងគ្រោះបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ។

រីឯជនរងគ្រោះ ឈ្មោះ អ៊ីន ហៀក ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៧៨ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ សម្ភារៈបាត់បង់ ការបូបស្តាយដែលក្នុងនោះមានមាសចំនួន១២តម្លឹង,ផ្លាកទីនទឹក៣ និងទឹក៧ ចំនួន១០០ តម្លឹងជាង និងប្រាក់ចំនួន១លានរៀលជាង។ បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕