លោកស្រី ពោធិតី សាវត្ថី ៖ បក្សភ្លើងទៀនកំពុងប្រើល្បិចឲ្យកម្ពុជាមានសង្គ្រាម

ភ្នំពេញ ៖ លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យបានបញ្ជាក់ថា គណបក្សប្រឆាំងបានកំពុងតែប្រើល្បិចកលដើម្បីនាំប្រទេសឲ្យមានសង្គ្រាមកើតឡើង និងបានប្រកាសគាំទ្រ ប្រមុខរាជរដ្ឋាភិបាលក្នុងការចាត់វិធានការរបស់ក្រុមប្រឆាំងដែលមានបំណងប្រឆាំងទៅនិងការរៀបចំការបោះឆ្នោតនៅកម្ពុជា ។

ការប្រកាសគាំទ្រនេះ បន្ទាប់ពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សកម្ពុជាបានអំពាវនាវឲ្យសមត្ថកិច្ចត្រៀមចាប់វិធានការ ចំពោះអ្នកប្រមូលផ្តុំតាមការរៀបចំរបស់ក្រុមប្រឆាំងដែលប្រឆាំងនឹងដំណើរការរៀបចំការបោះឆ្នោតដាក់ពន្ធនាគារ ។

ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃ៣១ ឧសភា លោកស្រី ពោធិតី សាវត្ថី មិនគាំទ្រចំពោះការប្រមូលកំលាំងដើម្បីធ្វើបាតុកម្មប្រឆាំងគ.ជ.បនោះទេ ។ លោកស្រីក៏បានគាំទ្រចំពោះការបដិសេធរបស់គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញដែលមិនអនុញ្ញាតឲ្យគណបក្សភ្លើងទៀនចូលរួមបោះឆ្នោត ដោយសារគណបក្ស នេះមិនគោរពច្បាប់។

លោកស្រីថា «នៅក្នុងច្បាប់ក៏មិនមានចែងថា ទាល់តែមានគណបក្សប្រឆាំងឬឈ្មោះគណបក្ស«ក» គណបក្ស«ខ» ទើបដំណើរការរៀបចំបោះឆ្នោតប្រកបដោយលិទ្ធប្រជាធិបតេយ្យនោះទេ គឺវាមិនដែលមានទេ ។ បើអ្នកនិយាយបែបនេះ សូមយកច្បាប់មកអះអាងមកបញ្ជាក់»។

ជាមួយគ្នានោះដែរ ប្រធានគណបក្សធម្មាធិបតេយ្យដែលបានប្រកាសលាលែងពីសញ្ជាតិហូឡង់បានអះអាងថា អ្វីដែលគណបក្សភ្លើងទៀនកំពុងធ្វើនេះ គឺជាល្បែងហ្គេមដោយស្តាប់ការបញ្ជាពីប្រទេសមហាអំណាចមួយដើម្បីធ្វើឲ្យកម្ពុជាមានសង្គ្រាមដូចនៅរុស្ស៊ី និងអ៊ុយក្រែន។

លោកស្រីគូសបញ្ជាក់ថា «គាត់(បក្សភ្លើងទៀន)កំពុងលេងល្បែងហ្គេមនាំប្រទេសខ្មែរ ឲ្យក្លាយដូចជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនអីចឹង។ ខ្ញុំមិនចង់ឃើញ សម្តេចតេជោចរចាជាមួយគណបក្សភ្លើងទៀននោះទេ»។

លោកស្រីក៏បានស្នើឲ្យសម្តេចតេជោ ប្រុងប្រយ័ត្នចំពោះឧបាយកលរបស់ក្រុមប្រឆាំងព្រោះពួកគេកំពុងចង់នាំប្រទេសឲ្យមានសង្គ្រាមជាថ្មី ដូច្នេះសុំកុំឲ្យមានសង្គ្រាមជាលើកទី២ ដោយសារកម្ពុជាឆ្លងកាត់សង្គ្រាមយ៉ាងជូរចត់ហើយ។

លោកស្រីបានលើកឡើងទៀតថា លោកស្រីមិនគាំទ្រឲ្យមានការប្រមូលផ្តុំគ្នារបស់ក្រុមប្រឆាំងនោះទេ។គណបក្សប្រឆាំងបានកំពុងប្រើល្បិចមួយ ដើម្បីបង្កើតឲ្យមានកលយុគកើតឡើងនៅកម្ពុជា។ លោកស្រីក៏បានអះអាងថាអ្វីដែលក្រុមប្រឆាំងធ្វើនោះ បានកំពុងតែប្រឆាំងនឹងច្បាប់នៅកម្ពុជាតែម្តង។

លោកស្រីបញ្ជាក់ថា «គោលនយោបាយរបស់គេគឺគេមិនឲ្យយើងធ្វើការបោះឆ្នោតទេ! គេនឹងធ្វើអីចឹងដើម្បីអំណាចរបស់គេ។ តែយ៉ាងណាខ្ញុំសូមអំពាវនាវដល់សមត្ថកិច្ចក្រសួងពាក់ព័ន្ធពិសេសនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវទប់ស្កាត់រាល់វិធានការទាំងអស់ឲ្យខានតែបាន មិនថាប្រើគ្រប់វិធីសាស្ត្រណានោះទេ»៕