រថយន្តដឹកសិស្ស បុករថយន្តពាក់ស្លាកលេខ ខ.ម បណ្តាលឱ្យសិស្ស ៤នាក់រងរបួសធ្ងន់ស្រាល

កំពង់ឆ្នាង៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដដឹកសិស្សសាលាភាសាអន្តរជាតិប្រាយវេរ បុកជាមួយរថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទ នៅវេលាម៉ោង ១១ និង០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ5 ចន្លោះគីឡូម៉ែត្រលេខ 57 និង លេខ58 ក្នុងភូមិព្រៃពីស ឃុំជ្រេស ស្រុកកំពង់ត្រឡាចបណ្តាលឱ្យសិស្សសាលាចំនួន ៤នាក់បានរងរបួសធ្ងន់ស្រាល ។

ប្រភពពីកន្លែងកើតហេតុឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AW.2849 បើកបរដោយបុរសឈ្មោះ សែន អានីន ភេទប្រុសអាយុ ៦៣ឆ្នាំមានទីលំនៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច បានដឹកសិស្សចំនួន ៤នាក់ ក្នុងដំណើរពីជើងទៅត្បូង។

ប្រភពដដែលបន្តថា លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងប្ដូរគន្លង ដោយមិនបានប្រយ័ត្នក៏ត្រូវរថយន្តម៉ាកឡង់គ្រីស័រ ពណ៌សពាក់ស្លាកលេខខេមរៈភូមិន្ទ 02.27 778 បើកបរដោយឈ្មោះ អៀង ណារ៉ា ភេទ ប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិឃួច ឃុំក្រោកគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ក្នុងដំណើរពីត្បូងទៅជើង ក៍បានបុកគ្នាពេញទំហឹងបណ្ដាលឱ្យរងរបួសមនុស្ស ៤នាក់ ក្នុងនោះរបួសធ្ងន់ ២នាក់ជាសិស្សសាលា និងខូចខាតរបងសុវត្ថិភាពផ្លូវ ៦ម៉ែត្រ។

បច្ចុប្បន្នសិស្សសាលាត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកំពង់ត្រឡាច រីឯរថយន្តទាំង ២គ្រឿង ត្រូវបានរក្សាទុកនៅអធិការនគរបាលស្រុកកំពង់ត្រឡាចដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕