ភ្នំពេញ ៖ សម្រាប់លេខ១៨ ជាតំណាងឲ្យក្តីសង្ឃឹមចំពោះអនាគតដ៏រុងរឿងរបស់កម្ពុជានេះ គឺជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី កូនប្រុសពៅសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្រោយគណបក្សប្រជាជនកម្ពុជាទទួលបានលេខរៀងទី១៨ សម្រាប់ការបោះឆ្នោត។
ក្នុងការកំណត់យកលេខរៀងសម្រាប់ការបោះឆ្នោតថ្នាក់ជាតិលើកទី៧របស់កម្ពុជា នាថ្ងៃ២៣ កក្កដា ខាងមុខ គឺគណបក្សប្រជាជនកម្ពុជាបានស្ថិតនៅលេខរៀងទី១៨ ក្នុងចំណោមគណបក្សទាំង១៨សម្រាប់ការចុះឈ្មោះប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោតដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣បានរៀបចំចាប់ឆ្នោតយកលេខរៀងគណបក្សនយោបាយ។
ក្រោយចាប់បានលោក ហ៊ុន ម៉ានី តាមរយៈបណ្តាញហ្វេសប៊ុកបានអបអរសាទរ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលទទួលបានលេខរៀងទី១៨។ លោកថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា លេខរៀងទី ១៨ នឹងនាំមកនូវជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា។ លេខ ១៨ តំណាងឲ្យក្តីសង្ឃឹម ចំពោះអនាគតដ៏រុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា”៕