ព្រះសីហនុ: នៅវេលាម៉ោងជាង០៨ព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ មានករណីគ្រោះអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ (ប្រកបមុខរបរជួលម៉ូតូទឹក) ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្រោយទទួលបានព៍ត៌មាននេះភ្លាម លោកហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាស់បទបញ្ជាដល់កម្លាំងជំនាញ នៃការិយាល័យជំនួយធម៌និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក ឆេង វុទ្ធីនាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចេញជួយអន្តរាគមន៍សង្រ្គោះបាញ់ទឹកពន្លត់ភ្លើង និងជួយនាំមនុស្សចេញពីក្នុងផ្ទះ នៅទីតាំងកើតហេតុខាងលើ។
ពេលនេះអគ្គីភ័យ ត្រូវបានសមត្ថកិច្ចជំនាញ បាញ់ទឹករលត់ទាំងស្រុងហើយ មិនមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ មូលហេតុបណ្តាលមកពីទុស្សេឆ្លងចរន្តអគ្គីសនី៕