កោះកុង៖ ក្រុមគ្រូពេទ្យផ្នែកសម្ភព រោគស្ត្រី និងក្រុមរថយន្តសង្គ្រោះ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង នៅព្រលឹមថ្ងៃសុក្រថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានចុះទៅជួយសង្គ្រោះស្ត្រី ដែលសម្រាលកូន កូនទី២ ភេទប្រុស ទំងន់៣គីឡូក្រា នៅលើអូប័រម្នាក់ ឈ្មោះ ឆន សាឡឹង ភេទស្រី អាយុ២២ឆ្នាំ។
មន្ទីរបង្អែកខេត្តកោះកុង ឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើង ក្នុងកំឡុងពេលស្ត្រីនោះឈឺពោះត្រៀមសម្រាល និងកំពុងធ្វើដំណើរតាមផ្លូវទឹកតាមរយៈអូរប័រ នៅតាមដៃព្រែកកោះប៉ោ តែមិនទាន់បានមកដល់គោលដៅផងក៏សម្រាលនៅលើអូប័រតែម្តង ។
បើតាមប្រភពដដែលនេះ ស្ត្រីរូបនេះ មានទីលំនៅបណ្តោះអាសន្ននៅ ភូមិចាំយាម(ចំណុចកោះលយក្រោម ក្បែរមាត់ព្រែក) ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (អាសយដ្ឋានអចិន្ត្រៃយ៍នៅខេត្តកំពត) នេះជាការសម្រាលកូនទី២ ភេទប្រុស ទំងន់៣គ.ក្រ ។ ស្រ្តីរូបនោះបានបញ្ជាក់ថា នៅចំណុចដែលគាត់កំពុងរស់នៅនេះជាតំបន់ភ្នំដាច់ស្រយាល និងក្បែរដៃព្រែក បើធ្វើដំណើរតាមផ្លូវទឹកមកមន្ទីរពេទ្យ លឿនជាងធ្វើដំណើរតាមផ្លូវគោក។
មន្ទីរពេទ្យបង្អែកខេត្តបន្តថា ស្រ្តីរូបនោះ និងក្រុមគ្រួសារបានបន្តដំណើរមកដល់ច្រាំង នៅវេលាម៉ោងប្រហែល៥ៈ២០នាទីព្រឹក ទើបប្រជាពលរដ្ឋទាក់ទងមកមន្ទីរពេទ្យ ហើយក្រុមគ្រូពេទ្យយើងក៏បាន ទៅជួយសង្គ្រោះភ្លាមៗ និងបន្តដឹកគាត់តាមរយៈរថយន្តសង្គ្រោះ មកមន្ទីរពេទ្យបន្តការថែទាំ ព្យាបាលជូនគាត់ប្រកបដោយសុវត្ថិភាពទាំងម្តាយ និងកូន ។
មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានអំពាវនាវដល់ ស្រ្តីដែលដឹង ឬសង្ស័យថាខ្លួនមានផ្ទៃពោះ ត្រូវទៅមណ្ឌលសុខភាព ឬមូលដ្ឋានសុខាភិបាលដែលនៅជិតជាងគេ ដើម្បីពិនិត្យ តាមដានផ្ទៃពោះ តាមដានការវិវឌ្ឍន៍របស់ទារក ទទួលបានថ្ន្នាំគ្រាប់ជាតិដែកពង្រឹងសុខភាពម្តាយ និងទារក និងទទួលបានការណែនាំពីមន្ត្រីឆ្មប ពីការថែទាំសុខភាពពេលមានផ្ទៃពោះ និងក្រោយសម្រាល និងដឹងពីសញ្ញាត្រៀមសម្រាល ៕