ភ្នំពេញ៖ ករណីឆេះផ្ទះលក់គ្រឿងសង្ហារឹម មួយកន្លែងកាលពីវេលាម៉ោង ១១និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្រុម៣ ភូមិថ្មគោ១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យរងការខូចខាតអស់៣០%។ ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ដោយប្រេីប្រាស់ទឹកអស់ ០៧ឡាន។
លោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យឲដឹងថា ទីតាំងផ្ទះដែលអគ្គិភ័យឆាបឆេះ មានម្ចាស់ឈ្មោះ គុជ វ៉ាន្នី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ម្ចាស់គ្រឿងសង្ហារឹម។ ប្រភេទសំណង់ ដែកប្រក់សង្ក័សី ទំហំ០៧ម៉ែត្រ គុណ២០ម៉ែត្រ។
លោកបន្តថា ចំពោះករណីអគ្គិភ័យខាងលេីនេះ គឺបណ្តាលឲ្យឆាបឆេះខូចខាតសម្ភារៈប្រេីប្រាស់ខាងលេី ប្រហែល៣០% នឹងមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។ ជាមួយគ្នានេះ រថយន្ដការិយាល័យជំនាញ ចំនួន០៥គ្រឿង បានប្រើប្រាស់ទឹកអស់០២ឡាន និងរថយន្តង៧០ ចំនួន០២គ្រឿង ប្រើប្រាស់ចំនួន០២ឡាន។
បើតាមលោក ព្រហ្ម យ៉ន នៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ៕