ម្ចាស់កងបី បានយកកាមេរ៉ាឲ្យជនជាតិហ្វីលីពីនវិញហើយដែលភ្លេចលើកងបីគាត់

ភ្នំពេញ ៖ ក្រោយមានការផ្សព្វផ្សាយក្នុងហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃ១១ ឧសភា នាប៉ុន្មានម៉ោងមុន អំពីជនជាតិហ្វីលីពីនដែលជាអ្នកថតរូបក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ភ្លេចកាមេរ៉ាលើម៉ូតូកងបីរួចមក នៅមុននេះបន្តិចម្ចាស់កងបីបានយកកាមេរ៉ា មកប្រគល់ឲ្យវិញហើយ ។

លោករដ្ឋមន្ត្រីព័ត៌មានថា «ពេលនេះ ម្ចាស់កង់៣បានយកកាមេរ៉ាជូនម្ចាស់ដើមវិញហើយ គាត់ប្រាប់ថាពេលចុះជាង៣០នាទី ទើបគាត់បានឃើញថាម្ចាស់បានភ្លេចកាមេរ៉ានៅលើម៉ូតូគាត់» ។

សូមបញ្ជាក់ថា ជនជាតិហ្វីលីពីនមួយក្រុមដែលជាក្រុមអ្នកថតរូបព្រឹត្តិការណ៍ស៊ីហ្គេម បានភ្លេចកាមេរ៉ានៅលើតុកៗ ពេលធ្វើដំណើរពីម្តុំវិមានឯករាជ្យ មកឈប់នៅម្តុំវាលមេន កាលពីរសៀលថ្ងៃ១០ ខែឧសភា ស្នើសុំលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយសម្របសម្រួលស្វែងរកម្ចាស់កង់បី ដើម្បីអាចយកកាមេរ៉ាមកវិញ ៕