ក្រសួងពាណិជ្ជកម្មនឹងរៀបចំ ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម​ដែលនឹងប្រព្រឹត្តនៅដើម​ ខែមិថុនា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជានឹងរៀបចំ ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម​ដែលនឹងប្រព្រឹត្តទៅចាប់ពី​ថ្ងៃ​ទី​០១-០៥​ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបរិវេណ​ផ្សារគំរូ​ព្រំដែន​កម្ពុជា (ផ្សារដារ) ដែលមានទីតាំងស្ថិតនៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ​

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ១១ ខែឧសភានេះ ឱ្យដឹងថា ដើម្បីលើកស្ទួយផលិតផលខ្មែរដែលកសិករ ផលិតករកម្ពុជា ផលិតបាន​នៅតាម​មូលដ្ឋានឱ្យមានការ ទទួលស្គាល់កាន់តែទូលំទូលាយ និងដើម្បីជំរុញសកម្មភាពអាជីវកម្មនៅ​ផ្សារគំរូ​ព្រំដែនកម្ពុជា(​ផ្សារដារ) ដែលរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងហើយឱ្យមានសកម្មភាពអាជីវកម្ម ផុលផុស ឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ មន្ទីរ​ពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ដោយមានការគាំទ្រពីក្រសួងពាណិជ្ជកម្ម ​រដ្ឋបាល ខេត្តត្បូងឃ្មុំ និងវិស័យឯកជន នឹងរៀបចំ ពិព័រណ៍ផ្សារណាត់មិត្តភាពកម្ពុជា-វៀតណាម​ដែលនឹងប្រព្រឹត្តទៅចាប់ពី​ថ្ងៃ​ទី​០១-០៥​ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបរិវេណ​ផ្សារគំរូ​ព្រំដែន​កម្ពុជា (ផ្សារដារ) ដែលមានទីតាំងស្ថិតនៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ​

ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលដល់ ការរៀបចំ ព្រឹត្តិការណ៍នេះ សូមអញ្ជើញ លោក-ស្រីជាអាជីវករ ផលិតករ ពាណិជ្ជករ សមាគមអាជីវកម្ម និង​សាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់​ចូលរួម​ក្នុងព្រឹត្តិការណ៍ ពិព័រណ៍ផ្សារណាត់​មិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ២០២៣ ឬមាន​គម្រោង​ពិភាក្សារការងារផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​ដៃគូក្រុមហ៊ុនមកពីប្រទេសវៀតណាម សូមអញ្ជើញបំពេញបែបបទចូលរួមឱ្យបានមុនថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ជាកំណត់៕