ទីតាំង​ទទួល​បញ្ចាំ​លក់​ទិញ​ម៉ូតូ​ខុសច្បាប់​មួយកន្លែង​ក្នុង​ទឹកដី​ស្រុក​តាំងគោក ខេត្តកំពង់ធំ ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប

សមត្ថកិច្ចកិច្ចចម្រុះដឹកនាំផ្ទាល់ដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ ក្រោមការបញ្ជា និងណែនាំផ្ទាល់ពីលោក ស៊ិន វិរៈ ព្រះរាជអាជ្ញាខេត្តកំពង់ធំ រួមជាមួយលោកស្នងការរង ទិត សំណាង និងលោកអធិការ សន តាល់ នៅវេលាម៉ោង ១៣៖៤៥នាទី ថ្ងៃទី២ កុម្ភៈនេះ បានចុះប្រតិបត្តិការបង្រ្កាបទីតាំងទទួលបញ្ចាំលក់ទិញម៉ូតូគ្មានពន្ធ និងគ្មានឯកសារត្រឹមត្រូវមួយកន្លែងនៅភូមិកាតាយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។


​ប្រភពពី​សមត្ថកិច្ច បានឱ្យដឹងថា ទីតាំង​ខាងលើនេះ​ មាន​ម្ចាស់​ឈ្មោះ ហេង ភា​រុន ដែល​ស្លាក​អាជីវកម្ម​ឈ្មោះ ភា​រុន ស្រុង​មី​។ សមត្ថកិច្ច បាន​បញ្ជាក់ថា មុន​ឈាន​ចុះបង្ក្រាប​នេះ​គឺពាក់ព័ន្ធ​នឹង​ករណី​សង្សារ​មួយគូ​ បាន​ខ្ចី​ម៉ូតូ​គេ​ជិះ​ពី​ខេត្តកំពង់ស្ពឺ ហើយ​យកមក​បញ្ចាំង​នៅ​ទីតាំង​ខាងលើនេះ​។​


​ប្រភព​ដដែល បាន​បន្តថា ក្នុង​ប្រតិបត្តិការ​នេះ ​សមត្ថកិច្ច​បាន​រឹបអូស​បាន​ម៉ូតូ​ចំនួន​៣១​គ្រឿង​។ ម៉ូតូ​ទាំងនេះ​ត្រូវបាន​សមត្ថកិច្ច​រឹបអូស​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​តាំងគោក។ បច្ចុប្បន្ន​ម្ចាស់​ទីតាំង​ខាងលើ​ឈ្មោះ ហេង ភា​រុន បាន​រត់​គេចខ្លួនបាត់​។ ដោយឡែក​ប្រពន្ធ​របស់​ជនសង្ស័យ​ឈ្មោះ បួ​យ សុង​ធី ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ដើម្បី​ធ្វើការ​សាកសួរ​តាមផ្លូវ​ច្បាប់​៕