ក្លឹបអ្នកកាសែតកម្ពុជា ហៅកាត់ថា ក.អ.ក នៅថ្ងៃទី១ កុម្ភៈនេះ បានប្រកាសពីការប្រឡងប្រកួតប្រជែងសរសេរអត្ថបទសារព័ត៌មានក្រោមប្រធានបទ ៖ ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការលើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជា។ ក.អ.ក ថា អ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់ចាប់ពីជាង១លានរៀលដល់ជាង៤លានរៀលរួមជាមួយពានមួយទៅតាមលំដាប់លេខ១ដល់លេខ៥។ នេះបើយោងតាមសេចក្តីប្រកាសព៍ត៌មានចុះថ្ងៃទី១ កុម្ភៈនេះ របស់ក្លឹបអ្នកកាសែតកម្ពុជា។
ក.អ.ក បានបញ្ជាក់ថា ការរៀបចំប្រឡងប្រែងអត្ថបទសារព័ត៌មាន គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងវិស័យធនគារ និងហិរញ្ញវត្ថុ និងវិស័យសារព័ត៌មាន។ ម្យ៉ាងវិញទៀតក៏ដើម្បីពង្រឹងនូវសមត្ថភាពនិងគុណភាពនៃការរាយការណ៍ព័ត៌មានទាក់ទងនិងវិស័យធនាគារ ដើម្បីពង្រឹងនូវសមត្ថភាពនិងគុណភាពនៃការរាយការណ៍ព័ត៌មានទាក់ទងនិងវិស័យធនាគារ និងហិរញ្ញវត្ថុជូនដល់អ្នកសារព័ត៌មាន ដើម្បីផ្តល់ចំណេះដឹងមូលដ្ឋានគ្រឹះក្នុងវិស័យនេះដល់ប្រជាជនកម្ពុជាផងដែរ។
លក្ខខណ្ឌចំនួន៥ចំណុចសម្រាប់ការចូលរួមនេះរួមមាន៖ ការប្រកួតប្រជែងនេះត្រូវបើកជំហរសម្រាប់អ្នកសារព័ត៌មានទូទៅលើកលែងតែសមាជិកគណៈកម្មាធិការនាយក និងបុគ្គលិករដ្ឋបាលនៃក្លឹបអ្នកកាសែតកម្ពុជា។ អ្នកកាសែតស្ត្រី និងអ្នកកាសែតវ័យក្មេងត្រូវបានលើកទឹកចិត្ត។
ការប្រកួតនេះ បើកចំហរសម្រាប់បេក្ខជនជាអ្នកសារព័ត៌មាន ទូរទស្សន៍ វិទ្យុ កាសែតបោះពុម្ព ទស្សនាវដ្តី សារព័ត៌មានអនឡាញ និងអ្នកកាសែតឯករាជ្យ។ ក.អ.ក ថា អត្ថបទដែលអាចដាក់ចូលរួមក្នុងការប្រកួតបានត្រូវតែជាអត្ថបទយកការណ៍។
អត្ថបទដែលត្រូវដាក់ចូលរួមក្នុងការប្រកួត ត្រូវតែជាអត្ថបទដែលត្រូវបានចុះផ្សាយនៅតាមអង្គភាពរបស់ខ្លួន ឬអង្គភាពព័ត៌មានណាមួយរួចរាល់ហើយ មុនថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ហើយអត្ថបទដែលត្រូវដាក់ចូលរួម ត្រូវតែជាអត្ថបទសារព័ត៌មានជាភាសាខ្មែរ។ នេះបើតាមការបញ្ជាក់របស់ ក.អ.ក។
ក.អ.ក បានបន្ថែមថា សម្រាប់បេក្ខជនដែលចង់ចូលរួមប្រកួតប្រជែងនេះ គឺត្រូវផ្ញើស្នាដៃរបស់ខ្លួនមកទីស្នាក់ការក្លឹបអ្នកកាសែតកម្ពុជាយ៉ាងយូរត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២៕