បាត់ដំបង ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឱ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ អនុវត្តតាមបទបញ្ជារបស់លោកសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងនគរបាលក្នុងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដែលមានលោកវ៉ាន់ តារា ជានាយរងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងទៅនាំយកជនជាប់ចោទម្នាក់ ក្នុងករណីឃាតកម្មប្រព្រឹត្តិនៅក្រុងបាត់ដំបងកាលពីអំឡុងជាង១០ឆ្នាំមុន ពីសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ស្នងការដ្ឋានគរបាលខេត្តបន្តថា ជនជាប់ចោទមានឈ្មោះ ច្រាញ់ អឿម ហៅ ណាវ៉ាន់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុនពេលប្រព្រឹត្តិបទល្មើសរស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង មុនពេលចាប់ខ្លួនជនត្រូវចោទរស់នៅក្នុងខេត្តតាកែវ។ តាមអំណាចសាលក្រមព្រហ្មទ័ណ្ឌលេខ ១១៤ឈ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ របស់សាលាដំបូងខេត្តបាត់ដំបង របស់លោក យាប់ មេត្តា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ ច្រាញ់ អឿម ភេទប្រុស អាយុ ៣៥ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ២០ឆ្នាំ (ម្ភៃឆ្នាំ) ពីបទឃាតកម្ម ដែលមានស្ថានទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តិនៅចំណុចភូមិ១៣មករា សង្កត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២។
សូមរំលឹកជូនថា កាលពីរាត្រីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ ដែលមានរយៈពេលជាង១០ឆ្នាំកន្លងទៅ នៅចំណុចស្តង់ទិញ-លក់អេចចាយ មួយកន្លែងស្ថិតនៅក្នុងផ្សារ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង មានការភ្ញាក់ផ្អើលមួយ នៅពេលដែលមានករណីឃាតកម្មទៅលើថៅកែអេតចាយទាំងម្តាយនិងកូនស្រី បង្កឡើងដោយឃាតករ ជាជនសង័្សយមិនស្គាល់អត្តសញ្ញាណបានសម្លាប់ ឈ្មោះ ឈួរ មួយភេទស្រី អាយុ ៤៥ឆ្នាំ ជាម្តាយនិងឈ្មោះ តាំង គាងគាង ភេទស្រី អាយុ ១៣ឆ្នាំ ជាកូនបង្កើតគួរឱ្យសង្វេគបំផុត។
នៅក្រោយកើតហេតុភ្លាមៗសមត្ថកិច្ចនគរបាល និងជំនាញពាក់ព័ន្ធបានចុះទៅដល់ទីកន្លែងកើតហេតុធ្វើការ ស្រាវជ្រាវស៊ើបអង្កេត និងធ្វើការត្រួតពិនិត្យនៅទីកន្លែងកើតហេតុ រហូតឈានទៅកំណត់មុខសញ្ញាបាន និងស្វែងរកចាប់ខ្លួនប៉ុន្តែមុខសញ្ញាជាជនសង័្សយបានគេខខ្លួនបាត់ពីមូលដ្ឋាន។
ផ្តើមពីនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តបាត់ដំបង ដើម្បីវិនិច្ឆ័យទោសចំពោះជនសង័្សយតាមផ្លូវច្បាប់ ហើយក្នុងរយៈ ពេលដ៏វែងឆ្ងាយនេះសមត្ថកិច្ចនគរបាលមិនបានបោះបង់នូវការស្រាវជ្រាវស្វែងរកមុខសញ្ញាជាជនដៃដល់នេះ ដើម្បីយកមកទទួលទោលនោះដែរ។ មកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២៣ ដោយបានការសហការជាមួយសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ជនជាប់ចោទរូបនេះត្រូវបានចាប់ខ្លួននៅទីនោះ ក្នុងពេលដែលរូបគេទៅសំងំលាក់ខ្លួននៅទីនោះនារយៈពេលចុងក្រោយនិងបានប្រព្រឹត្តិអំពើល្មើសច្បាប់មួយថ្មីទៀត ហើយសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាននាំយកនិងចាត់ចែងរៀបចំបញ្ជូនទៅសាលាដំបូងខត្តបាត់ដំបងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ម្សិលមិញនិងត្រូវបានអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចេញដីកាបង្គាប់ឱ្យឃុំខ្លួននៅក្នុងពន្ធនាគារខេត្តនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ដដែលរួចរាល់ហើយនិងរង់ចាំទទួលនូវការអនុវត្តទោសតាមអំណាចសាលក្រមតែប៉ុណ្ណោះ។
ក្រុមគ្រួសារជនរងគ្រោះដែលរង់ចាំភាពយុត្តិធម៌ក្នុងរយៈពេលជាង១០ឆ្នាំ យ៉ាងអន្ទះសារ ចំពោះការបាត់បង់សមាជិកគ្រួសាររបស់ខ្លួននោះសង្ឃឹមនិងជឿជាក់ថាជនជាប់ចោទត្រូវតែទទួលទោសកំហុសរបស់ខ្លួនស្របតាមទង្វើនិងសកម្មភាពដែលរូបគេបានប្រព្រឹត្តិដ៏ឃោរឃៅនាពេលកន្លងមក ៕