ឆ្នាំ២០២២ ជនសង្ស័យជាង២០នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធផលិតផលក្លែងក្លាយ

ភ្នំពេញ ៖ លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានថ្លែងថា ឆ្នាំ២០២២កន្លងទៅ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យជាង២០ទាក់ទងនឹងការផលិត និងការជួញដូរផលិតផលក្លែងក្លាយបញ្ជូនទៅកាន់តុលាការ ខណៈផលិតផលក្លែងក្លាយជាង៣០តោន ត្រូវបានរឹបអូស និងដុតកំទេចចោលជាបន្តបន្ទាប់។

ក្រោយបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ របស់ គ.ប.ផ.ក នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ លោក មៀច សុផាន់ណា បានបញ្ជាក់ថា «សមត្ថកិច្ច បានចុះបង្ក្រាបឱសថខុសច្បាប់ ផលិតផលវេជ្ជសាស្ដ្រ ផលិតផលគ្រឿងសម្អាង ផលិតផលឧបភោគបរិភោគ និងផលិតផលក្លែងក្លាយខុសច្បាប់ទូទៅបានជាង៣០តោន ដោយក្នុងនោះផលិតផលឧបភោគបរិភោគចំនួន១៣តោន និងប៊ីចេង ចំនួន១៨តោន។

រដ្ឋលេខាធិការរូបនេះបន្ដថា ផលិតផលដែលត្រូវរឹបអូសបានកាលពីកន្លងទៅជាបន្តបន្ទាប់ សុទ្ធតែមានហានិភ័យខ្ពស់ចំពោះអ្នកបរិភោគ និងអ្នកប្រើប្រាស់ ដោយវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដោយសារតែការធ្វើរបស់ពួកគេខុសពីស្តង់ដា និងខ្លះទៀតហួសកាលបរិច្ឆេទ ដូចជាប្រហិត និងសាច់ចម្រុះជាដើម។

លោកបន្ថែមថា ក្នុងពេលប្រតិបត្តិការចុះបង្រ្កាបដល់ទីតាំងផលិតផលក្លែងក្លាយទាំងនោះ ក្រុមការងារក៏បានជួបឧបសគ្គមួយចំនួនផងដែរ ដោយទីតាំងខ្លះខ្វះការសហការជាមួយអាជ្ញាធរ និងខ្លះទៀតត្រូវបានអ្នកមានអំណាចមកកាង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រុមការងារនៅតែបន្តធ្វើដើម្បីសុខភាពរបស់ ប្រជាពលរដ្ឋ និងដើម្បីសន្តិសុខជាតិ ខណៈផលិតផលក្លែងក្លាយទាំងនេះ ត្រូវបានអន្តរជាតិចាត់ទុកថាជាបទឧក្រិដ្ឋឆ្លងដែនដ៏ធំ៕