រដ្ឋលេខាក្រសួងព័ត៌មានមួយរូបតម្រូវឱ្យអ្នករត់កង់បីបុកគូថឡានលោកសង ១ថ្ងៃ ១ដុល្លារ

ភ្នំពេញ៖ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានតម្រូវ អ្នករត់កង់បីម្នាក់ ដែលបានបើកបរ បុកគូថឡានរបស់លោក បង្កឱ្យខូចខាត សងលោក ក្នុងមួយថ្ងៃ ១ ដុល្លារ ជាថ្នូទៅនឹងការអាណិតអាសូ។

លោក ជា ច័ន្ទបរិបូរណ៍ បានសរសេរនៅលើទំព័រហ្វេសបុករបស់ខ្លួននៅថ្ងៃទី ២០ ខែមេសាថា ករណី កង់៣បុកគូថឡានរបស់លោក យប់ម៉ិញ! ក្តីអាណិតពិតជាមាន ក៏ប៉ុន្តែ បើយើងនៅតែលើកលែងនោះបញ្ហានឹងចេះតែកើតឡើង ។

លោកបន្តថា «ខ្ញុំសម្រេចថា ត្រូវម្ចាស់កង់៣ ទទួលខុសត្រូវក្នុងកំរឹតណាមួយ ដូច្នេះ ខ្ញុំសម្រេចចិត្តអោយអ្នកបង្ក សងសំណង 200$ ដោយត្រូវសងរំលោះ ១ថ្ងៃ 1$ រយៈពេល ២០០ថ្ងៃ។ការធ្វើបែបនេះ ខ្ញុំចង់អោយគាត់ចងចាំក្នុងជីវិតរបស់គាត់»។

ក្រោយការផុស មានគណនីមួយ ឈ្មោះ «អា ដាង» ចូលទៅបញ្ចេញមតិយោបល់ថា«
យោគយល់ច្រើនលោកពូអោយសងពេញថ្លៃអោយសមមុខវា»។

គណនីមួយទៀត ឈ្មោះ «ជ័យ វិសារស័ក្ត» បញ្ចេញមតិយោបល់ថា «
ខ្ញុំបាទពេញចិត្តនឹងដំណោះស្រាយ នេះ ប្រកបដោយ ជោគជ័យនិងគុណធ៌មខ្លាំងណស់
ខ្ញុំបាទសូមជូនពរឲ្យឯកឧត្តមមានសុខល្អ ក្តីមេត្តារបស់បងប្រុសពិតជាល្អខ្លាំងណាស់ គាំទ្របងប្រុស»៕