លោក ហ៊ុន ម៉ាណែត៖ អ្នកដែលទើសចំពោះការតម្លើងឋានន្តរស័ក្តិសម្រាប់រូបខ្ញុំ គឺសូមបន្តឆ្ងល់ និងបន្តទើសតាមការគួរ

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ដែលទើបទទួលបានបំពាក់ ឋានន្តរស័ក្តិ ជានាយឧត្តមសេនីយ៍ (ផ្កាយ ៤) បានលើកឡើងថា ចំពោះអស់លោកដែលពូកែខាងឆ្ងល់អំពីច្បាប់និងទម្លាប់របស់កងទ័ព ក្នុងការតែងតាំងផ្លាស់ប្តូរមុខងារឬតម្លើងឋានន្តរស័ក្តិយោធិន និងចំពោះអ្នកដែលទើសចំពោះការតម្លើងឋានន្តរស័ក្តិសម្រាប់រូបលោក គឺសូមបន្តឆ្ងល់ និងបន្តទើសតាមការគួររបស់អស់លោកចុះ ។

ការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត នៅពេលនេះ ឆ្លើយតបទៅនឹងចម្ងល់របស់លោក សេង សារី អ្នកវិភាគនយោបាយ ឆ្ងល់ពាក់ព័ន្ធនឹងពាក់ផ្កាយថែម ១ទៀតឱ្យគ្រប់ ៤ តាមព្រះរាជក្រិត ចុះថ្ងៃទី ១៧ មិនា ២០២៣។

លោក ហ៊ុន ម៉ាណែត បន្ថែមថា បើអស់លោកមានពេលវេលាច្រើន និងអត់មានកិច្ចការអ្វីផ្សេងសម្រាប់ធ្វើ។ខ្ញុំអត់មានពេលវេលាដើម្បីធ្វើការពន្យល់ឬឆ្លើយតបជាមួយអស់លោកទេ ព្រោះពេលវេលារបស់ខ្ញុំត្រូវចំណាយទៅលើកិច្ចការអ្វីដែលមានប្រយោជន៍។

លោកថ្លែងថា៖ «ជាក់ស្តែង ពេលនេះខ្ញុំកំពុងធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីបន្តចុះជួបនិងធ្វើការងារជាមួយបណ្តាអង្គភាពកងទ័ពដែលឈរជើងនៅតាមបណ្តោយព្រំដែន ដើម្បីត្រៀមការពារបូរណភាពទឹកដីរបស់យើង។ កិច្ចការងារនេះវាមានអត្ថប្រយោជន៍ចំពោះជាតិមាតុភូមិ ជាងចំណាយពេលឆ្លើយតបនឹងការឆ្ងល់ ឬទើសរបស់អស់លោក»។

លោក សេង សារី កាលពីពេលថ្មីៗនេះ បានលើកជាសំនួរថា តើថ្ងៃណាបានពាក់ផ្កាយថែម ១ទៀតឱ្យគ្រប់ ៤ តាមព្រះរាជក្រិត ចុះថ្ងៃទី ១៧ មិនា ២០២៣? ពាក់ថែមមួយទៀតវាធ្ងន់ពេក ឬជាងធ្វើមិនទាន់ហើយ ឬភ្លេចពាក់ ឬរវល់ពេក ឬមិនចង់បាន ឬមិនខ្វល់ ឬដាក់ខ្លួន ឬមានមូលហេតុអ្វីផ្សេង? តើអាចមានទោសខាងវិន័យកងទ័ពទេ បើមិនព្រមធ្វើអនុវត្តន៍តាមព្រះរាជក្រិតបែបនេះ សូមមេមេខាងកងទ័ពជួយពន្យល់ផង?

លោកបន្តថា មកដល់ពេលនេះ ១ខែហើយ ឯកឧត្តមបងបានពាក់ផ្កាយខ្វះមួយរហូត ក្នុងពេលចូលរួមក្នុងកម្មវិធីកងទ័ពផ្សេងៗ! បើនៅស្រឡាញ់ត្រឹមផ្កាយ ៣ ហ្នឹងណាស់ អាមួយទៀតប្រឡេះបេះបោះទៅក្រោយទៅ មេមេដែលអង្គុយនៅខាងក្រោយដឹងតែដណ្តើមគ្នារើសយកមកពាក់ហើយ មិនឱ្យធ្លាក់ដល់ដីទាន់ទេ! ។

សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៣ បានបំពាក់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ជូន លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅក្រោយពី ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ៕