បាត់ដំបង ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកយុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះអនុវត្តដីកាចំនួន ០២ដីកា ដែលបង្គាប់ឲ្យចាប់ខ្លួនឃុំខ្លួន ពិរុទ្ធជនចំនួន ០២ នាក់។
អនុវត្តដីកាទី១ នៅវេលាម៉ោង១០និង០០នាទី នៅចំណុចក្រុមទី០៣ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៣៩/២០២៣ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ របស់លោកស្រី ហ៊ុន ស៊ីវហ្គិច ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ សួន ដារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ពីបទរក្សាទុកចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចក្បែរផ្លូវជាតិលេខ៥ ជាប់ព្រំប្រទល់ស្រុកមោងឫស្សី ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន: ទូរស័ព្ទដៃចំនួន ០១គ្រឿង។
អនុវត្តដីកាទី២ នៅវេលាម៉ោង១០ និង៣០នាទី នៅចំណុចក្រុមទី០៦ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៣៨/២០២៣ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ របស់លោកស្រី ហ៊ុន ស៊ីវហ្គិច ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ជ្រិន វីរ: ហៅ រក្ស័ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ប្រព្រឹត្តកាលពីថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៧ នៅចំណុចក្បែរផ្លូវជាតិលេខ៥ ជាប់ព្រំប្រទល់ស្រុកមោងឫស្សី ភូមិនព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕