ករណីរំលោភកុមារីអាយុ១៣ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យ ត្រូវបានស្រាវជ្រាវចាប់ខ្លួនបានជនដៃដល់បានហើយ

ភ្នំពេញ:ជនល្មើស០១នាក់ដែលបានធ្វើសកម្មភាពរំលោភទៅលើកុមារីរងគ្រោះអាយុ ១៣ឆ្នាំ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងអង្គការកាពារកុមាហៅកាត់ CPU ធ្វើការឃាត់ខ្លួនបាន នៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅចំណុច ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបញ្ជាដឹកនាំដោយ លោក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ យ៉ាងយកចិត្តទុកដាក់។

ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់អគ្គស្នងការនគរបាលជាតិ លោកហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយក ដ្ឋាននគបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានដឹកនាំសហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលពោធិ៍សែនជ័យ និងអង្គការកាពារកុមាហៅកាត់ CPU បានធ្វើការស្រាវជ្រាវរហូតឈានដល់ការកំណត់មុខសញ្ញានិងឃាត់ខ្លួនបានសម្រេច។

គួររំលឹកផងដែរ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ ជា ធារិត ភេទប្រុស អាយុ៣៨ ជនជាតិខ្មែរ បានជិះម៉ូតូទៅទិញទឹកក្រឡុកក្នុងខណ្ឌពោធិ៍សែនជ័យ (បុរីឈូកវ៉ា២) របស់ម្ដាយកុមារីរងគ្រោះ ជនសង្ស័យព្រមទាំងបានក្លែងខ្លួនជាគ្រូបង្រៀន ហើយបានអះអាងប្រាប់ម្ដាយកុមារីរងគ្រោះថា ខ្លួនគ្រូបង្រៀន និងមានវិញ្ញាសារប្រឡងថ្នាក់ទី៩។

បន្ទាប់មកម្ដាយកុមារីរងគ្រោះ មានការជឿទុកចិត្ត ក៏បានទាក់ទងទៅឈ្មោះ ជា ធារិត។ លុះដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ ជា ធារិត បានមកទាក់ទងមកឪពុកកុមារីរងគ្រោះជាច្រើនដង ដើម្បីឲ្យកុមារីរងគ្រោះយកវិញ្ញាសារប្រឡងថ្នាក់ទី៩ ហើយឈ្មោះ ជា ធារិត ក៏បានជិះម៉ូតូទៅយកកុមារីរងគ្រោះពីចំណុចសាលាវិទ្យាល័យ ភ្នំពេញថ្មី ដឹកទៅសាលាវិទ្យាល័យជម្ពូវ័ន ដើម្បីយកវិញ្ញាសារស្រាប់តែពេលនោះឈ្មោះ ជា ធារិត បានដឹកកុមារីរងគ្រោះទៅទីតាំងផ្សេងទៅវិញ ហើយប្រាប់ទៅកាន់កុមារីរងគ្រោះថា ខ្លួនដឹកកុមារីរងគ្រោះទៅយកវិញ្ញាសារនៅម្ដុំវត្ថតាំក្រសាំងខាងត្បូងវិញ។

លុះដល់វត្ថតាំងក្រសាំងខាងត្បូងឈ្មោះ ជា ធារិត បានរុញកុមារីរងគ្រោះចូលក្នុងបន្ទប់ទឹកចាស់មួយកន្លែង ដែលស្ថិតនៅក្នុងវត្តតាំងក្រសាំងខាងត្បូង ហើយបានយកកូនកាំបិតគំរាមទៅកាន់កុមារីរងគ្រោះដើម្បីធ្វើសកម្មភាពរំលោភ តែមិនបានសម្រេច។ បន្ទាប់មកពេលធ្វើសកម្មភាពរួចឈ្មោះ ជា ធារិត បានគំរាមទៅកាន់កុមារីរងគ្រោះថា កុំឲ្យស្រែក បើហ៊ានស្រែក ខ្លួននិងចាក់សំលាប់។

បន្ទាប់មកឈ្មោះ ជា ធារិត បានដឹកកុមារីរងគ្រោះទៅទីតាំងហាងបញ្ចាំ ដើម្បីបញ្ចាំទូរស័ព្ទរបស់ខ្លួន ព្រឹមទាំងបានបញ្ចុះបញ្ចូកុមារីរងគ្រោះឲ្យចូលផ្ទះសំណាក់ជាមួយខ្លួន តែកុមារីរងគ្រោះបានប្រកែកមិនព្រមចូលនោះទេ ហើយឈ្មោះ ជា ធារិត ក៏បានដឹកកុមារីរងគ្រោះទៅកាន់ទីតាំសាលាវិទ្យាល័យភ្នំពេញថ្មីវិញ រួចគេចខ្លួនបាត់តែម្ដង។

លុះដល់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ កំលាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងអង្គការកាពារកុមាហៅកាត់ CPU បានធ្វើការឃាត់ខ្លួនឈ្មោះ ជា ធារិត នៅចំណុចហាងបញ្ចាំដែលមានទីតាំងស្ថិតនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នឹងបាននាំជនល្មើសឈ្មោះ ជា ធារិត មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ និងបានប្រគល់ជនល្មើសខាងលើជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធី៕