ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្ម (ប្រើកូនកន្ត្រៃចាក់កសម្លាប់) កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២១និង០០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យឺន ឌីណា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យមានឈ្មោះ ទៀង រស្មី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យក៖ កូនកន្ត្រៃតូច ពណ៌ក្រហមចំនួន០១, ទូរស័ព្ទដៃម៉ាកណូគាចុចពិល ពណ៌ ផ្ទៃមេឃ ចំនួន០២គ្រឿង (មួយគ្រឿងអត់ថ្ម និងសំបកខាងក្រោយ) ថង់ក្រណាត់ពណ៌ក្រហមចំនួន០១ ។
ប្រភពដដែលបានឲ្យដឹងទៀតថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ២១និង០០នាទី ជនសង្ស័យឈ្មោះ ទៀង រស្មី ភេទប្រុស អាយុ៤២ឆ្នាំ បាននៅផ្ទះជាមួយជនរងគ្រោះ (សព) ឈ្មោះ យឺន ឌីណា ភេទស្រី អាយុ៤០ឆ្នាំ (ត្រូវជា ប្រពន្ធរបស់ជនសង្ស័យ) ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះ ជនសង្ស័យបាននិយាយប្រាប់ឱ្យជនរងគ្រោះឈប់ធ្វើការជាសន្តិសុខ នៅម្តុំស្តុបផ្សារថ្នល់បត់ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រោះជនសង្ស័យមានការប្រច័ណ្ឌទៅលើជនរងគ្រោះថា មានការលួចលាក់ស្នេហាជាមួយសន្តិសុខដូចគ្នា ។
ហើយជនរងគ្រោះបាននិយាយប្រកែកជាមួយជនសង្ស័យថា មិនឈប់ធ្វើការទេ បើជនសង្ស័យនៅតែបង្ខំ ឱ្យជនរងគ្រោះឈប់ធ្វើការ ជនរងគ្រោះនឹងទៅស្នាក់នៅកន្លែងធ្វើការ ក្បែរស្តុបផ្សារថ្នល់បត់ខាងលើនោះតែម្តង ។ បន្ទាប់មកជនសង្ស័យខឹងនឹងសំដីរបស់ជនរងគ្រោះ ក៏បានដើរទៅយកកូនកន្ត្រៃដែកពណ៌ក្រហម ពីក្នុងថង់ក្រណាត់ ពណ៌ក្រហម ដែលប្រពន្ធបានទុកក្បែរពូកដេក រួចក៏យកកន្ត្រៃនោះកាន់នៅដៃខាងស្តាំ ហើយដើរទៅពីខាងក្រោយ ជនរងគ្រោះយកដៃឆ្វេងក្រៀក ក ពីខាងក្រោយ ដៃស្តាំយកកន្ត្រៃចាក់ កសង្កត់ផ្តេកទៅលើពូករហូតដល់ជនរងគ្រោះ ដាច់ខ្យល់ស្លាប់តែម្តង ។
បន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូម៉ាកសេ១០០កូរ៉េ ពណ៌ក្រហម (ម៉ូតូចាស់) ជិះគេចខ្លួនទៅដល់ផ្លូវជាតិលេខ៣ មិនដឹងថានៅទីណាពិតប្រាកដ ម៉ូតូក៏គាំងម៉ាស៊ីនជិះទៅមុខលែងរួច ជនសង្ស័យក៏បានរុញម៉ូតូនោះចូលទៅក្នុងទឹកប្រឡាយមិនស្គាល់ទីតាំងពិតប្រាកដ រួចក៏ដើរតាមផ្លូវជាតិលេខ៣បន្ត រហូតដល់ម៉ោង ១០និង០០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ជនសង្ស័យបានសុំរ៉ឺម៉កអ្នកដំណើរជិះត្រឡប់មកកន្លែងកើតហេតុវិញ ដើម្បីមើលជនរងគ្រោះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃខែឆ្នាំដដែល ត្រង់ចំណុចកន្លែងកើតហេតុ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់ ៕