ព្រះសីហនុ៖ ជនសង្ស័យជាជនជាតិចិន ចំនួន ៣ នាក់ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុចាប់ខ្លួនពាក់ព័ន្ធករណីវាយកញ្ចក់រថយន្ដលួចយកសម្ភារមានតម្លៃ(កាបូបលុយ) របស់ប្រជាពលរដ្ឋ ដែលប្រព្រឹត្តិនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ ចំណុចតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨៖៣០នាទីព្រឹកទើបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ជនជាតិចិន នៅចំណុច ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានឲ្យដឹងថា ជនសង្ស័យទាំង ០៣នាក់ រួមមាន ទី១៖ឈ្មោះ SHEN AO ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ, ទី២៖ឈ្មោះ JIN CHANGGE ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ និងទី៣៖ឈ្មោះ LI HONGYUAN ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។
វត្ថុតាងចាប់យកបាន៖ លុយខ្មែរចំនួន ២០,០០០,០០០រៀល (ផលនៃអំពើចោរកម្ម), លុយប្រទេសអាស៊ានចំរុះគ្រប់ប្រភេទមួយចំនួន (ផលនៃអំពើចោរកម្ម), ផ្លាកលេខរថយន្ត ០២គូ (ផលនៃអំពើចោរកម្ម), រថយន្ត ០១គ្រឿង ម៉ាក TOYOTA CAMRY ស៊េរីឆ្នាំ២០០៧ ពណ៌ស ផ្លាកលេខភ្នំពេញ 2BH-1287 (មធ្យោបាយ) និងសម្ភារៈមួយចំនួនទៀត។
បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ពួកគាត់ធ្លាប់ធ្វើសកម្មភាពវាយកញ្ចក់រថយន្ត លួចយកកាបូបលុយសម្ភារ និងលួចដោះយកផ្លាកលេខរថយន្ត សរុបចំនួន៥លើក ក្នុងនោះមាន៖
* វាយកញ្ចក់រថយន្ត លួចយកកាបូបលុយ និងសម្ភារ ចំនួន៣លើក៖ លើកទី១ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវឆ្នេរឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ, លើកទី២ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ នៅចំណុចឆ្នេរអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ និងលើកទី៣ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ នៅចំណុចមុខតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែ ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ។
* លួចដោះយកផ្លាកលេខរថយន្តចំនួន ០២លើក៖ លើកទី១ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣ លួចយកផ្លាកលេខរថយន្តមួយគូ (កែប 2B-2122) នៅចំណុចក្រុមទី៨ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ និងលើកទី២ នៅអំឡុងចុងខែមីនា ឆ្នាំ២០២៣ លួចយកផ្លាកលេខរថយន្តមួយគូ (បាត់ដំបង 2D-9008) នៅខេត្តបាត់ដំបង។
ចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕