ខេត្តព្រៃវែង៖ ក្រោយពីបានចុះស្រាវជ្រាវលម្អិតករណីឃាតកម្មមួយ សមត្ថកិច្ចខេត្តព្រៃវែងងរកឃើញពលររដ្ឋក្លាយជា ជនសង្ស័យ ៧នាក់មានជាប់ពាក់ព័ន្ធនឹងករណីព្រួតវាយបុរសម្នាក់ សង្ស័យជាចោរលួច បណ្តាលឲ្យស្លាប់នៅកណ្តាលវាលស្រែទាំងយប់ នៅវេលាម៉ោង ០០និង២០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៣ ត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
បើតាមសមត្ថកិច្ច ជនរងគ្រោះឈ្មោះ ឡុង នី ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិតាប្រុយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ តាមការបំភ្លឺរបស់ឈ្មោះ អ៊ុន សារៀន ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមា៧ ១២យប់ រំលងងធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៣ មានចោរចូលផ្ទះរបស់ខ្លួន ពេលឃើញចោរភ្លាម គាត់មានការភិតភ័យពេក ក៏ទូរស័ព្ទទៅប្រាប់បងប្រុសខ្លួនឈ្មោះ រុន រ៉ា អាយុ ៥២ឆ្នាំ នៅភូមិជាមួយគ្នា បន្តិចក្រោយមកក៏ឮសំឡេងស្រែកថា ចោរៗព័ទ្ធចាប់ៗ ឮសំឡេងជាច្រើននាក់ តែមិនដឹងថានរណាខ្លះនោះទេ ព្រោះគាត់មិនហ៊ានចេញពីក្នុងផ្ទះ ដោយសំឡេងស្រែកនោះ គឺនៅជាប់របងផ្ទះគាត់ផ្នែកខាងត្បូង ។
ក្រោយពីស្រែកព័ទ្ធចាប់ រយៈពេល ១០នាទី បងរបស់ខ្លួនឈ្មោះ អ៊ុន រ៉ា ក៏ចូលក្នុងផ្ទះខ្លួនយកពិលទៅបំភ្លឺដើររកមើលចោរក្នុងដីភូមិទៀត តែមិនឃើញគាត់ក៏ត្រឡប់ទៅវិញ បន្ទាប់មកទៀតបងស្រីខ្លួនឈ្មោះ អ៊ុន សារុំ បានមកដេកជាមួយខ្លួន លុះដល់ម៉ោងប្រហែល ៤ទៅ៥ទៀបភ្លឺ សមត្ថកិច្ចនគរបាលបានស្រែកហៅខ្លួន ឱ្យក្រោកឡើងសួរនាំពីហេតុការណ៍ចោរចូលលួច ខ្លួនបានប្រាប់ថា ចោរចូលលួចតែមិនបានលួចទ្រព្យសម្បត្តិអ្វីនោះទេ ។
យោងតាមបំភ្លឺពីសាក្សីនៅជុំវិញកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងស្រែករបស់ម្ចាស់ផ្ទះឈ្មោះ អ៊ុន សារឿន ភេទស្រី ថា មានចោរចូលផ្ទះ និងឃើញក្រុមជនសង្ស័យទាំង ០៧នាក់ខាងលើ រត់ចេញពីរោងបុណ្យផ្ទះឈ្មោះ ជូ សុផល (ហៅប៉ិល) ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក នាំគ្នាទៅព័ទ្ធផ្ទះរបស់ឈ្មោះ អ៊ុន សារឿន ។ បន្ទាប់មកពួកគេចាប់ចោរនោះបាន ក៏ធ្វើសកម្មភាពព្រួតវាយបណ្ដាលឲ្យស្លា-ប់តែម្តង ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវប្រមូលភស្តុតាង និងឃាត់ខ្លួនជនសង្ស័យទាំង ៧នាក់ ខាងលើ មកសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៧នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ចជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕