តាកែវ៖ ជនសង្ស័យ ០៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ក្រោយធ្វើសកម្មភាពពួនស្ទាក់វាយយកម៉ូតូពីពលរដ្ឋ នៅចំណុចលើខ្នងប្រឡាតត្រពាំងស្រងាំ ស្ថិតក្នុងភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។
លោក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ នៅព្រឹកថ្ងៃទី០៣ ខែមេសានេះ ឱ្យដឹងថា ដោយទទួលបានបទបញ្ជាពី លោក សេង មហា មេបញ្ជាការ និងមានការសម្របសម្រួលនីតិវិធីដោយ លោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីថ្ងៃទី០២ ខែមេសា កម្លាំងអាវុធហត្ថខេត្តតាកែវ សហការជាមួយ កម្លាំងអាវុធហត្ថស្រុកសំរោង បានឃាត់ខ្លួនជនសង្ស័យ ០៣នាក់នៅទីតាំងផ្សេងគ្នា។
លោកបន្តថា គោលដៅទី១:ម៉ោង៩,២៥នាទី ឃាត់ខ្លួនបាន០១នាក់ឈ្មោះ រឿន សាម៉ីឌី ភេទប្រុស អាយុ. ១.៧. ឆ្នាំ មុខរបរមិនពិតប្រាកដ។ គោលដៅទី២:ម៉ោង១០,១០នាទី ឃាត់ខ្លួនបាន០១នាក់ឈ្មោះ ហៃ វាសនា ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់ រស់នៅ ភូមិ/ឃុំ ខ្វាវ ស្រុកសំរោង។ និង គោលដៅទី៣:ម៉ោង១០,២០នាទី ឃាត់ខ្លួនបាន០១នាក់ ឈ្មោះ វណ្ណ ភារម្យ ហៅង៉ែត ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបឹង ឃុំខ្វាវ ស្រុកសំរោង។
លោក ង៉ែត ចាន់ធី បានរម្លឹកដំណើររឿងថា ក្រោយកម្លាំងអាវុធហត្ថទទួលបានពាក្យបណ្តឹងរបស់ពូជនរងគ្រោះឈ្មោះ ឆាង ប៊ុនធឿន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង ដោយកាលពីថ្ងៃទី២៨/០៣/២០២៣ និងបានរៀបរាប់ឲដឹងថា កាលពីថ្ងៃទី២៣/០៣/២០២៣ វេលាម៉ោង១៣,៣០នាទី មានជនសង្ស័យ០១ក្រុម មានគ្នា០២នាក់ ក្នុងនោះស្គាល់ម្នាក់ឈ្មោះ សាម៉ីឌី បានធ្វើសកម្មភាពពូនចាំស្ទាក់វាយយកម៉ូតូក្មួយរបស់គាត់ត្រង់ចំនុចលើខ្នងប្រឡាតត្រពាំងស្រងាំ ស្ថិតក្នុងភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង ម៉ូតូម៉ាកហុងដា C125 សេរី២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1R.6385 របស់ជនរងគ្រោះ ឈ្មោះ សុត រចនា ភេទស្រី អាយុ .១.៦.ឆ្នាំជាសិស្ស រស់នៅភូមិស្លែង ឃុំជំរះពេន ស្រុកសំរោង ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបាននាំគ្នាយកម៉ូតូ ជនរងគ្រោះជិះគេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យ ០៣នាក់ ត្រូវកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនចាត់ការបន្ត ទៅសាលាដំបូងខេត្តតាកែវ តាមនីតិវីធីច្បាប់ ៕