កែប៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តនិងជា ប្រធានគណកម្មាធិការរណសិរ្យមាតុភូមិកម្ពុជាខេត្តកែប ថ្លែងថា ក្នុងកាលៈទេសៈបច្ចុប្បន្ន និងអតីតកាលបានបញ្ជាក់អោយឃើញថា កម្ពុជា-វៀតណាម តែងតែនៅក្បែរគ្នា និងជួយគ្នាទៅវិញទៅមកក្នុងស្មារតីទទួលខុសត្រូវ និងសម្រេចឱ្យបាននូវឆន្ទៈរួមរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។
ការថ្លែងរបស់លោក សោម ពិសិដ្ឋ ខាងលើនេះ ធ្វើឡើងនៅថ្ងៃទី ៣ ខេមេសា ឆ្នាំ២០២៣ ក្នុងពេល ទទួលជួបសំណេះសំណាល និងស្វាគមន៍គណៈប្រតិភូ រណសិរ្សមាតុភូមិវៀតណាម ខេត្តគៀនយ៉ាង ដឹកនាំដោយលោកស្រី ឡេ ធី វេ មកសាកសួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តកែប ក្នុងឱកាសពិធីបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ។
ទន្ទឹមនេះ លោក សោម ពិសិដ្ឋ សង្ឃឹមយ៉ាងមុតមាំថា ខេត្តទាំងពីរ និងពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព បន្ថែមទៀត នាពេលអនាគត ដើម្បីសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍។
លោកស្រី ឡេ ធី វេ ជួសមុខអោយថ្នាក់ដឹកនាំនៃខេត្តគៀនយ៉ាង ប្រទេសវៀតណាមជូនពរអោយទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការ និងចំណងមិត្តភាព កាន់តែល្អប្រសើរទ្វេឡើង ដើម្បីភាពសុខសាន្ត និងការរីកចម្រើនទាំងផ្នែកជីវភាពរស់នៅរបស់ប្រជាជន និងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងខេត្តទាំងពីរ៕