អគ្គិភ័យលេបត្របាក់ក្លឹបកម្សាន្ដ 666 នៅ ខណ្ឌចំការមន សមត្ថកិច្ចប្រើប្រាស់ទឹក​ជិត​ ២០ឡាន ទើបគ្រប់គ្រងបាន

ភ្នំពេញ ៖ ក្លឹបកម្សាន្ដយីហោ 666 ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ បង្ករការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចមូលដ្ឋាន​ ហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ​ បានកេីតឡេីង​នៅវេលាម៉ោង​ ១និង៣០នាទីរសៀល​ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣​ ដែលស្ថិតនៅតាមបណ្តោយផ្លូវចៃកា ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទនេ្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកព្រហ្ម យ៉ន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយប្រើពេលមួយម៉ោង​ ដើម្បីអន្ដរាគមន៍សមត្ថកិច្ចបានគ្រប់គ្រងទីតាំងនេះបាន និងមិនឲ្យឆ្លងរីករាលដាលឡើយ។

លោក ព្រហ្ម​ យ៉ន​បន្ដទៀត ក្នុងប្រតិបត្តិការសង្គ្រោះនេះ សមត្ថកិច្ចប្រើប្រាស់ទឹកអស់​២១ឡាន ក្នុងនោះ ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ចំនួន​ ១២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១២ឡាន​ ស្មេីរនឹង​ ៤៨ម៉ែត្រគូន, រថយន្តក្រសួងមហាផៃ្ទ ចំនួន​ ០១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០១ឡាន​ ស្មេីរនឹង​ ០៤ម៉ែត្រគូប,​ រថយន្តក្រុមហ៊ុន OCIC ទីក្រុងរកោះពេជ្រ ចំនួន​ ០៥គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០៥ឡាន​ ស្មេីរនឹង​ ២០ម៉ែត្រគូប, រថយន្តកោះនរា ចំនួន ០២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០២ឡាន​ ស្មេីរនឹង​ ០៨ម៉ែត្រគូប​ និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន​ ០១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០១ឡាន​ ស្មេីរនឹង​ ០៦ម៉ែត្រគូប។

លោក បានបញ្ជាក់ទៀតថា ទីតាំងក្លឹបកម្សាន្ដនេះ មានម្ចាស់ឈ្មោះ ង៉ែត ដារ៉ា អាយុ៤០ឆ្នាំ ហើយប្រភេទសំណង់ដែលត្រូវភ្លើងឆេះ ថ្មបេតុងប្រក់ស័ង្កសី ទំហំ៣០ម៉ែត្រ គុណ៤០ម៉ែត្រ។ ដោយឡែក មូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕