ភ្នំពេញ៖ ក្រោយមានការលើកឡើងរបស់ លោកស្រី តាំង ហ្គេចលៀង ជុំវិញពាក្យ«អ្នកមានគិតទៅមុខ និងអ្នកក្រ គិតថយក្រោយ» មាហាជនអ្នកលេងបណ្តាញសង្គម បានបញ្ចេញទស្សនៈផ្សេងៗគ្នា មានទាំងរិះគន់ និង សសើរផងដែរ។
មួយក្នុងចំណោមអ្នករិះគន់ គឺ លោក ផែង វណ្ណៈ បានសរសេររិះគន់ អមជាមួយនឹងរូបភាពរបស់លោក តាំង ហ្គេចលៀងថា «រកស៉ីមានបានតិចតួចចាប់ផ្ដើម មានទ្រឹស្ដីហូរដូចទឹក រហូតឈ្លក់ទឹកមាត់ដៀលអ្នកក្រដោយគ្រាន់តែគ្នា ដ្រាម៉ាលេង ឬ រំលឹករឿងអតីតកាល ។
លោកន្តថា «ខ្ញុំចង់បញ្ជាក់ប្រាប់លោកស្រីថា ក្មួយៗប្រុសស្រីនៅស្រុកមេសាង ខេត្ត ព្រៃវែង ១១ នាក់ ដែល ប្រលងជាប់និទ្ទេស A សុទ្ធតែជាកូនកសិករក្រីក្រ ទាំងអស់ តែពួកគាត់អត់បានទៅសុំលុយលោកស្រីមករៀនទេ» ។
លោកបន្ថែមថា លោកស្រីចង់អួតអាងទ្រឹស្តីជោគជ័យស្អីអួតទៅ តែកុំនិយាយដៀលអ្នកក្រ ។ អ្នកក្រអត់ទៅសុំបាយលោកស្រីហូបទេ ?។
ទោះជាយ៉ាងនេះក្តី បណ្ឌិត សាម អ៊ីម ដែលត្រូវបានគេស្គាល់ជាអ្នកនយោបាយមួយរូបបានបញ្ចេញទស្សនយល់ឃើញថា លោកស្រី តាំង ហ្គេចលៀង និយាយពាក្យពិត ពាក្យត្រង់ និងមានបំណងល្អចង់ជួយព្យាបាលជំងឺក្រីក្រ។
លោកបន្តថា ធម្មតា ពាក្យពិត ពាក្យត្រង់ ដូចជាឱសថដ៏ល្អអញ្ចឹង វាតែងល្វីងជូរចត់បន្តិចហើយ។ ក៏ប៉ុន្តែ បើយើងទំពារលេបបាន វាអាចជួយព្យាបាលយើងឱ្យជាពីជំងឺ។ ពិតប្រាកដហើយ ជំងឺក្រីក្រមានច្រើនប្រភេទ ហើយថ្នាំរបស់លោកស្រី អាចព្យាបាលបានតែមួយប្រភេទទេ ប៉ុន្តែ ខ្ញុំយល់ថា ប្រភេទនេះមានអត្រាច្រើនគួរសមក្នុងចំណោមជំងឺនៃភាពក្រីក្រ។
គណនីហ្វេសបុកឈ្មោះ Bon Phanna បានសរសេរថា ថ្នាំព្យាបាលជំងឺក្រីក្រដោយ លោក តាំង ហ្គេចលៀង។លោក ក៏បាអរគុណស្ថាបនិកសាលាជោគជ័យមួយចំនួន ដែលហ៊ាននិយាយពាក្យពិត ដាស់តឿនស្មារតីមនុស្សដែលកំពុងដេកមិនព្រមងើប តែក៏មានមនុស្សជោគជ័យមួយចំនួនបានធ្វើលើសក្រមសីលធម៌ ដូចជាការប្រមាថ ជាតិសាសន៍ វប្បធម៌ក៏ព្រោះដើម្បីបំពេញមហិច្ឆិតារបស់ខ្លួនដែរ។
គណនីនេះបន្តថា «រឿងខ្លះបើធ្វើហើយជោគជ័យ សូមកុំភ្លេចនាំមនុស្សដែលនៅក្បែរយើងជោគជ័យផង»។
លោក សោម សម្បត្តិ ដែលត្រូវបាន គេស្គាល់ជាប្រធានក្រុមហ៊ុន និង ជាគ្រូបណ្តុះបណ្តាលផ្នត់គំនិតដែរនោះបានបញ្ចេញទស្សនៈថា ការបញ្ចេញគំនិតគឺនឹងមានផលប៉ះពាល់ ទោះវិជ្ជមានក្តី ឬ អវិជ្ជមានក្តី វាអាស្រ័យលើអ្នកទទួល។បើមានគំនិតមិនបញ្ចេញ វានឹងដូចជាកំណប់ដែលរកមិនឃើញ»។
បណ្ឌិត កែវ មាលា ដែលជាកូនអ្នកក្រម្នាក់ បានបញ្ចេញទស្សនផ្ទាល់ខ្លួន ថាធម្មជាតិមិនបានកំណត់អ្នកមាន ឬអ្នកក្រនោះទេ!គឺសង្គមមនុស្សទេតេី ដែលកំណត់វណ្ណៈមនុស្ស មាន ឬក្រ តូច ឬធំ ឧញ៉ា អ្នកឧកញ៉ា អាចមានរហូតដល់មហាអគ្គឧញ៉ាផងនៅពេលអនាគត។
លោកបន្តថា ពិភពលោកនេះបានសម្រេចថាលុបវណ្ណៈមនុស្សនៅក្នុងសង្គម តែនៅមានសង្គមមួយចំនួននៅតែកម្រិតវណ្ណៈ ឋានៈ បុណស័ក្តិ ងារ ល និង ល ដេីម្បីបែងចែកក្រុមមនុស្សដដែល ហេីយបានដរចេញជាអ្នកមាន អ្នកក្រ អ្នកតូច អ្នកធំ នេះឡេីង៕