ភ្នំពេញ ៖ បន្ថែមពីលើអ្វីដែលជាសារកាលពីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នាព្រឹកថ្ងៃ៣១ មីនានេះទៀត សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា នឹងមិនអនុញ្ញាតឲ្យមន្រ្តីខាងផ្នែកកីឡាទទួលបន្ទុករៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេមរបស់កម្ពុជាយកលុយប្រជាពលរដ្ឋខ្មែរ និងជនបរទេសសម្រាប់ការចូលរួមទស្សនាកីឡានេះ ក៏ដូចជាអ្វីដែលថា សម្តេចក៏នឹងមិនឲ្យយកលុយពីបណ្តាទូរទស្សន៍បរទេសនានាដែលនឹងមកផ្តិតទាំងរូបភាពនិងការផ្សាយផ្ទាល់អំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ។
យោងតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលបានចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃ៣១ មីនា ក្រោមវត្តមានសម្តេច ហ៊ុន សែន លោកបានសសេរយ៉ាងដូច្នេះថា “សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំមិនឲ្យយកលុយពីទូរទស្សន៍បរទេសនានាដែលចូលរួមផ្សាយពីការប្រកួតស៊ីហ្គេមនៅកម្ពុជា” ។
លោកក៏បន្តថា «សម្តេចតេជោ ហ៊ុន សែន ក៏ប្រកាសឲ្យទាំងខ្មែរ ទាំងបរទេស មានសិទ្ធិចូលមើលកីឡាស៊ីហ្គេម ដោយមិនបង់លុយទាំងអស់ ។ សហព័ន្ធកីឡាដែលចូលរួមក៏មិនត្រូវបង់លុយដែរ ។ ការផ្សាយរបស់ទូរទស្សន៍បរទេសនានាត្រូវទម្លាក់ថ្លៃ ឬក៏ឲ្យfree តែម្តងទៅ ព្រោះសំខាន់គឺផ្សាយពីប្រទេកម្ពុជាយើង» ៕