ព្រៃវែង៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងជាង ៩យប់ មានក្មេងទំនើង ២នាក់ បានយកដុំឥដ្ឋគប់កញ្ចក់រថយន្តម៉ាក FUSO សណ្ដោងរ៉ឺម៉ក ពាក់ផ្លាកលេខ ព្រៃវែង 3A-2100 នៅតាមផ្លូវលេខ ៣១២ ចំណុចភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង បណ្តាលឲ្យរថយន្តបែកកញ្ចក់ទ្វារខាងឆ្វេង និងរងរបួសដល់អ្នកបើកឈ្មោះ ឈៀវ វន្នី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិឫស្សីជួរ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗ លោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនបង្កមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ករណីនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវទាំងយប់ ទាំងថ្ងៃ អស់រយៈពេល ៧ថ្ងៃជាប់គ្នា ទីបំផុតកម្លាំងជំនាញកំណត់មុខសញ្ញា និងឃាត់ខ្លួនជនបង្កបាន ។
ជនសង្ស័យមានចំនួនពីរនាក់ ទី១.ឈ្មោះ សុត ដេ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៣ ។ ទី២.ឈ្មោះ អាន ហន ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៣ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ សុត ដេ បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានធ្វើសកម្មភាពយកដុំឥដ្ឋគប់ទៅលើរថយន្តម៉ាក FUSO បណ្តាលឲ្យបែកកញ្ចក់ពិតប្រាកដមែន តែត្រង់ថាត្រូវរបួសមនុស្ស ឬយ៉ាងណាខ្លួនគេពុំបានដឹងឡើយ ។រីឯជនសង្ស័យ អាន ហន បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានរួមគំនិតជាមួយជនសង្ស័យ សុត ដេ ពិតប្រាកដមែន ប៉ុន្តែមិនបានគប់នោះទេ ដោយពេលនោះ គេនៅអង្គុយលើម៉ូតូ ។
ជនសង្ស័យទាំងពីរនាក់បានសារភាពបន្តទៀតថា នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៣ ម៉ោងប្រហែល ៥ល្ងាច ពួកគេទាំងពីរនាក់ រួមនឹងមិត្តភក្តិពីរនាក់ផ្សេងទៀត បានបបួលគ្នាផឹកស្រាថ្នាំ នៅផ្ទះរបស់ឈ្មោះ ពុំ ស្លឹក ក្នុងភូមិត្រពាំងឈូក ឃុំរំចេក ស្រុកព្រះស្តេច ។
លុះប្រហែលកន្លះម៉ោងក្រោយ ពួកគេទាំងពីរនាក់ក៏ឈប់ផឹក ហើយបានជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០២១ (ម៉ូតូរបស់ឈ្មោះ អាន ហន) ឌុបគ្នាទៅផឹកបន្តតែ ២នាក់ នៅផ្ទះផឹកស៊ីមួយកន្លែងទៀត ក្នុងភូមិឧកញ៉ាឯម ឃុំអង្គររាជ ស្រុកព្រះស្តេច រហូតដល់ម៉ោងជិត ៩យប់ ទើបនាំគ្នាឈប់ផឹកគិតលុយចេញទៅវិញ ។
ពេលជិះម៉ូតូត្រឡប់ទៅវិញបានចម្ងាយប្រហែល ២០០ម៉ែត្រ ពួកគេបានបើកវ៉ារថយន្តមួយគ្រឿងម៉ាក Fuso សណ្តោងរ៉ឺម៉ក ពណ៌ត្រួយចេក ប៉ុន្តែរថយន្តនោះមិនឲ្យពួកគេវ៉ានោះទេ បន្ទាប់មកពួកគេក៏ជិះម៉ូតូតាមក្រោយរថយន្តនោះបានចម្ងាយប្រហែល ៣០០០ម៉ែត្រ ទើបវ៉ារថយន្តនោះបាន ពេលជិះវ៉ាផុតក្បាលរថយន្តបន្តិច ពួកគេងាកមើលអ្នកបើកបររថយន្ត ពេលនោះអ្នកបើកបររថយន្តបានស៊ីផ្លេដាក់ពួកគេ ធ្វើឲ្យពួកគេមានចិត្តខឹងយ៉ាងខ្លាំង ក៏ជិះម៉ូតូទៅឈប់នៅខាងមុខមុន ហើយឈ្មោះ សុត ដេ បានរើសយកដុំឥដ្ឋនៅក្បែរនោះឈរចាំគប់ ពេលរថយន្តបើកមកដល់ ឈ្មោះ សុត ដេ ក៏បានយកដុំឥដ្ឋនោះគប់សំដៅទៅរថយន្តខាងលើ បណ្តាលឲ្យបែកកញ្ចក់ ប៉ុន្តែមិនបានដឹងថា ត្រូវតៃកុង ឬ យ៉ាងណាទេ បន្ទាប់ពីគប់រួច ពួកគេក៏បានឡើងជិះម៉ូតូគេចខ្លួនតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រៃវែងរួចរាល់ ហើយចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង ក៏បានចេញដីកាសម្រេចឃុំខ្លួនពួកគេជាបណ្តោះអាសន្ន ៕