ក្រោយដោះលែង យឹម ស៊ីណន! សម្តេច ហ៊ុន សែន ថា ពុកជាមនុស្សក្បាលរឹងជាមួយការគៀបសង្កត់ ពីបរទេស

ភ្នំពេញ ៖ លោក យឹម ស៊ីណន់ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ កាលពីរាត្រី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ក្រោយសរសេរលិខិតសុំព្រះរាជទានទោសពីព្រះមហាក្សត្រ និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ។ ការដោះលែងនេះ ត្រូវបានសម្តេចបញ្ចេញសារផងដែរ អំពីករណីប្រពន្ធយឹម ស៊ីណន សុំឲ្យសម្តេចជួយ ។ ករណីសុំកិច្ចអន្តរាគមន៍ពីសម្តេចរបស់ប្រពន្ធយឹម ស៊ីណននេះ ត្រូវបានសម្តេចចាត់ទុកជាការល្អប្រសើរដោយមិនទៅស្រែករកបរទេសមកជួយ ដោយបានលើកឡើងថា សម្តេចជាមនុស្សក្បាលរឹងជាមួយនឹងការគៀបសង្កត់ពីបរទេស បង្ខំឲ្យមានការដោះលែងអ្នកទោសនានា ។

តាមរយៈសារចូលទៅខំមិនលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រី សុផាត មករា ជាប្រពន្ធរបស់លោក យឹម ស៊ីណន ក្រោយដោះលែងប្តីភ្ជាប់រូបភាពមួយសន្លឹក នារាត្រីថ្ងៃដដែលនោះ សម្តេច ហ៊ុន សែន លើកសរសើរប្រពន្ធ ស៊ីណនថា កូនពិតជាមានសំណាងដែលមានភរិយាដ៏ល្អ។ ពេលមានបញ្ហាខាងផ្លូវច្បាប់ប្រពន្ធមិនបានស្រែករកអ្នកណាជួយក្រៅពីស្រែករកសម្តេចជួយនោះឡើយ។

ដោយសម្តេចគូសបញ្ជាក់ថា “ពុក(សម្តេច ហ៊ុន សែន)ជាមនុស្សចិត្តរឹងជាមួយមនុស្សអាក្រក់ តែក៏ជាមនុស្សចិត្តទន់ជាមួយមនុស្សល្អ។ ជាសំណាងកូនហើយដែលភរិយាកូនមិនបានទៅពឹងជនបរទេស ឬអង្គការក្រៅរដ្ឋាភិបាលដែលប្រឆាំងឲ្យមកគៀបសង្កត់រាជរដ្ឋាភិបាលដើម្បីដោះលែងកូន។ ពុកជាមនុស្សក្បាលរឹងជាមួយការគៀបសង្កត់ពីបរទេស។ កាន់តែសង្កត់អ្នកជាប់ទោសឬពិរុទ្ធជនជាប់គុកឬជាប់ឃុំកាន់តែយូរ ។ គេត្រូវចងចាំលើចំណុចនេះ” ។

សម្តេចថា ផ្ទុយពីអ្នកដទៃភរិយា ស៊ីណន នឹកឃើញមុនគេគឺសុំឲ្យសម្តេចជួយ ។ ដូចនេះពេលឃើញភរិយាបង្ហោះតាម Facebook និងឃើញស៊ីណនទទួលស្គាល់កំហុស រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ខិតខំសម្របសម្រួលជាមួយតុលាការ ដើម្បីឲ្យកូនបានចាកចេញទៅជួបប្រពន្ធកូនវិញ ។

សម្តេចក៏បានផ្តាំថា នេះចាត់ទុកជាសុបិនអាក្រក់ និងរំដោះគ្រោះក្នុងឆ្នាំចាស់ដើម្បីសេចក្តីសុខនិងសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មីនាពេលដ៏ខ្លីខាងមុខ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីក៏បានផ្ញើសារទៅក្រុមប្រឆាំងថា “ផ្តាំទៅពួកព្រូសក្រៅរបងផ្ទះ បើចង់ឲ្យមនុស្សជាប់ទោសបានយូរ និងគ្មានការយោគយល់ពី ហ៊ុន សែន សុំជេរហ៊ុន សែន ឲ្យបានច្រើនបន្តិច” ។

សូមបញ្ជាក់ថា នៅរាត្រីថ្ងៃ២៨ មីនា មានរយៈពេលជិត១០ថ្ងៃហើយដែលលោក យឹម ស៊ីណនជាប់ពន្ធនាគារ ត្រូវបានតុលាការបានដោះលែងលោក យឹម ស៊ីណន ក្រោយសរសេរលិខិតសុំព្រះរាជទានទោសពីព្រះមហាក្សត្រ និងសម្តេច ហ៊ុន សែន អំពីការទទួលស្គាល់កំហុសក្នុងលក្ខណៈបញ្ចេញមតិប្រមាថព្រះមហាក្សត្រក្នុងព្រះរាជពិធីប្រទានព្រះអគ្គិជ័យកីឡាស៊ីហ្គេម នាខេត្តសៀមរាប កាលពីសប្តាហ៍មុន ។ ក្នុងអំឡុងពេល លោក យឹម ស៊ីណនជាប់ពន្ធនាគារលោកស្រី សុផាត មករា បានសរសេរលើបណ្តាញសង្គមស្នើសុំសម្តេច ហ៊ុន សែន អន្តរាគមន៍ជាបន្តបន្ទាប់ឲ្យដោះលែងប្តីរបស់ខ្លួន។

ក្នុងសារមួយក្នុងចំណោមសារដទៃទៀតរបស់ប្រពន្ធយឹម ស៊ីណនបានបញ្ជាក់ថា “ទោះបីជា ប៉ាកូនមិននៅជិតយើងក្នុងពេលនេះក៏ដោយ តែមានម៉ាក់នឹងនៅជាមួយកូន ។ ម៉ាក់ត្រូវតែរឹងមាំ មើលថែរកូនឲ្យបានល្អ ។ ប្តីសម្លាញ់បងថែររក្សាសុខភាពឲ្យបានល្អណា កុំបារម្ភកូនអីណា ។
ពេលសម្តេចពុកបាត់ខឹង ពុកនឹងឲ្យយើងជួបជុំគ្នាវិញហើយ ព្រោះសម្តេចពុកក៏មិនចង់ឲ្យយើងបែកបាត់គ្រួសារទេ។ ពេលដែលបងមកផ្ទះយើងវិញ បងកុំឲ្យសម្តេចពុកខឹងទៀតណា ។ យើងត្រូវធ្វើកូនល្អ ស្តាប់បង្គាប់គាត់ ព្រោះគាត់ជាអ្នកមានគុណយើង”៕