ភ្នំពេញ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាព្រមានចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គលឈោ្មះ ដេវិដ ឆាណាយវ៉ា ដែលកំពុងប្រកបវិជ្ជាជីវៈមេធាវីខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៧ ខែមីនា នេះ បញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ឈ្មោះ ដេវីដ ឆាណាយវ៉ា បានប្រើគណនីហ្វេសប៊ុក (Facebook)ឈ្មោះ David S. chanaiwa បង្ហោះលិខិតមួយច្បាប់ដែលនៅក្នុងលិខិតនោះ ឈ្មោះ ដេវិដ ឆាណាយវ៉ា បានលើកឡើងថា ខ្លួនបានប្រឹក្សាយោបល់ផ្នែកច្បាប់ដល់ភាគី វិវាទពាក់ព័ន្ធនឹងវិវាទដីធ្លីស្ថិតនៅភូមិចំណោតរាមនិងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គណៈមេធាវី សូមបញ្ជាក់ថា ឈ្មោះ ដេវិដ ឆាណាយវ៉ា ពុំមានសិទ្ធិផ្តល់ ការប្រឹក្សាយោបល់ផ្នែកច្បាប់ក្នុងនាមជាមេធាវីនិងពុំមានសិទ្ធិប្រកបវិជ្ជាជីវៈមេធាវី នៅក្នុង ព្រះរាជាណាចក្រកម្ពុជាទេ។
គួររំលឹកថា កាលពីអំឡុងខែឧសភា ឆ្នាំ២០២១ ឈ្មោះ ដេវិដ ឆាណាយវ៉ា បាន អះអាងថាខ្លួនជាមេធាវី ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំថា ឈ្មោះ ដេវីដ ឆាណាយវ៉ា ជាមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ហើយគណៈមេធាវីបានធ្វើសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បញ្ជាក់ថា ឈ្មោះ ដេវិដ ឆាណាយវ៉ា មិនមែនជាមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ឈ្មោះ ដេវីដ ឆាណាយវ៉ា បានធ្វើលិខិតបំភ្លឺថា ខ្លួនមិនដែលប្រកាសប្រាប់សាធារណជនថាខ្លួនជាមេធាវីនៃព្រះរាជា ណាចក្រកម្ពុជាទេ និងមិនបានប្រកបវិជ្ជាជីវៈមេធាវីនៅក្នុងព្រះរាជាណាចក្រកម្ពុជាយូរមក ហើយ ហើយបានចេញមុខសុំទោសជាសាធារណៈនិងសុំអំពាវនាវដល់សាធារណជនកុំឱ្យ មានការយល់ច្រឡំតទៅទៀត ពីព្រោះខ្លួនមិនមានឈ្មោះជាមេធាវីនៅគណៈមេធាវីនៃព្រះ រាជាណាចក្រកម្ពុជាទេ។
ក្នុងករណីឈ្មោះ ដេវិដ ឆាណាយវ៉ា មិនបញ្ឈប់សកម្មភាពដែលនាំឱ្យមាន ការភាន់ច្រឡំថាខ្លួនជាមេធាវីដែលមានសិទ្ធិប្រកបវិជ្ជាជីវៈក្នុងព្រះរាជាណាចក្រកម្ពុជាទេ នោះ គណៈមេធាវីនឹងមានវិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពប្រកប វិជ្ជាជីវៈខុសច្បាប់ស្តីពីលក្ខន្តិកៈមេធាវី៕