តាកែវ៖ កម្លាំងនគរបាលស្រុកបាទី កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នកបែកថ្នាំគប់កញ្ចក់ឡានពលរដ្ឋបង្កឱ្យខូចខាត និងត្រៀមបញ្ជូនទៅតុលាការ ដើម្បីចាត់ការនិតិវិធីបន្ត ក្រោយធ្វើសកម្មភាពគប់កញ្ចក់ឡានពលរដ្ឋ កាលពីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ។
កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាទី ដឹកនាំដោយ លោក ឆាយ កែវមុន្នី អធិការ បានដឹកនាំកម្លាំងចុះឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ សូត្រ ចន្ថា ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិត្រពាំងឬស្សី ឃុំសូរភី ស្រុកបាទី ខេត្តតាកែវ ដែលបានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើ រថយន្តចំនួនពីរគ្រឿង ១/.រថយន្តម៉ាកតូយ៉ូតា រ៉ាស់ សេរីឆ្នាំ២០២១ ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4277 របស់ជនរងគ្រោះឈ្មោះ( យ៉ែម នាង) ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅភូមិបាំងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឲ្យបែកកញ្ចក់ខាងមុខចំនួន២កន្លែង។
២/.រថយន្តម៉ាកតូយ៉ូតា តាកូម៉ា សេរីឆ្នាំ១៩៩៦ ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ច៩៨៤១ភព២ របស់ជនរងគ្រោះឈ្មោះ (ប៉េង ណាន) ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិខ្លែងគង់ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បែកកញ្ចក់ទ្វារខាងមុខចំហៀងខាងឆ្វេង បម្រុងនិងលូកដៃយកទូរស័ព្ទដែលនៅក្នុងរថយន្ត តែត្រូវបានប្រជាការពារប្រទះឃើញក៏ស្រែកឆោរឡោ ហេីយពេលនោះជនសង្ស័យក៏បានរត់គេចខ្លូនបាត់ ។
បើតាមរបាយការណ៍របស់សមត្ថកិច្ច មូលហេតុជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន ទើបបង្កអោយមានករណីខាងលើនេះកើតឡើង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី ៕