សម្តេច ហ៊ុន សែន ៖ ហ៊ុន ម៉ាណែត មិនដឹង ខ្លួនឡើងផ្កាយ៤ទេ

ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា លោក ហ៊ុន ម៉ាណែត មិនបានដឹងខ្លួនជាមុនថា នឹងឡើងឋានន្តរសក្ដិ ជា “នាយឧត្ដមសេនីយ៍”(ផ្កាយ)នោះទេ ព្រោះពេលព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង គឺលោក ហ៊ុន ម៉ាណែត នៅជាប់បេកសសកម្មនៅតាមបណ្តាខេត្ត។

សម្តេច ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនាថ្ងៃ២២ មីនាមានប្រសាសន៍ថា លោក ហ៊ុន ម៉ាណែតដែលបច្ចុប្បន្នមានងារជាឧត្ដមសេនីយ៍ឯកនោះ គឺខ្លួនមិនចង់ឡើងសក្តិនោះទេ ព្រោះមិនចង់ឲ្យមានការបកស្រាយ ឬរិះគន់ណាមួយមកលើលោក ប៉ុន្តែដោយសារសម្តេចផ្ទាល់ និងសម្តេច ទៀ បាញ់ទេ ជំនះទើបនាំគ្នាគាំទ្រ ។

មូលហេតុសម្តេចលើកពី លោក ហ៊ុន ម៉ាណែត មិនដឹងខ្លួនអំពីការតួនាទីនេះ ដោយសារមានក្រុមអ្នកវិភាគដែលសម្តេចចាត់ទុកជាបណ្ឌិតល្ងង់ទូនោះ បានចេញមកវិភាគជាហូរហែរមកលើលោកហ៊ុន ម៉ាណែតដែលជាកូនប្រុសច្បង ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកពីក្តីបារម្ភទុកជាមុនថា នៅពេល លោក ហ៊ុន ម៉ាណែត ឡើងជានាយករដ្ឋមន្រ្តីនៅពេលអនាគតហើយ នឹងទូលថ្វាយព្រះមហាក្សត្រឲ្យមានការលើកលែងទោសចំពោះអ្នកប្រព្រឹត្តខុសច្បាប់នៅក្រៅប្រទេស ប៉ុន្តែពេលនេះ សម្តេចបានឃើញហើយ គឺលោក ហ៊ុន ម៉ាណែត នឹងមិនចុះហត្ថលេខាទូលថ្វាយព្រះមហាក្សត្រឲ្យលើកលែងទោសដល់អ្នកទាំងនោះទេ ព្រោះអ្នកទាំងនោះចេញមកពេលណាគឺវាយប្រហារខ្លួនរហូត ។

សម្តេចថា លោក ហ៊ុន ម៉ាណែត ត្រូវបានឡើងជាផ្កាយ៤តាំងពីប៉ុន្មានឆ្នាំមុន ប៉ុន្តែរូបគេមិនព្រមទទួល ទើបពេលនេះ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យហើយ ចឹងទទួលមិនទទួលជារឿងរបស់គេ ។ សម្តេចថា អីចឹងលោក ហ៊ុន ម៉ាណែតមិនទន់ជ្រាយនោះទេ ដោយសារតែពួកអ្នកឯង ទើបលោក ហ៊ុន ម៉ាណែតរឹងមាំ ។

ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាថ្ងៃ១៧មីនា ត្រូវបានព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ ដំឡើងឋានន្តរសក្ដិ ជា “នាយឧត្ដមសេនីយ៍” ។

ជាមួយគ្នានេះដែរ សម្តេចក៏បានលើកពីលោក ហ៊ុន ម៉ានិត កូនប្រុសទី២ ដែលមានតួនាទីជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច នៃក្រសួងការពារជាតិ ត្រូវបានរាជរដ្ឋាភិបាលតែងតាំង ជាមេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក បន្ថែមលើមុខងារបច្ចុប្បន្ន ៕