ភ្នំពេញ៖ រដ្ឋបាលជលផលបានធ្វើការអំពាវនាវដល់អ្នកផលិត ឬអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រី ឱ្យបញ្ឈប់សកម្មភាពជាបន្ទាន់ និងប្រគល់ឧបករណ៍ឆក់ដោយស្ម័គ្រចិត្ត ដល់មន្រ្តីរដ្ឋបាលជលផល ឬអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច ដើម្បីជៀសវាងការទទួលទោសតាមច្បាប់ស្តីពីជលផល។
ការអំពាវនាវនេះ ធ្វើឡើង នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣ នេះ បន្ទាប់រដ្ឋបាលជលផល បង្រ្កាបបទល្មើសនេសាទ ក្នុងខេត្តសៀមរាប កណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តពោធិ៍សាត់ បាមនជាច្រើនករណី និងឃាត់ខ្លួនបានជនសង្ស័យមួយចំនួន។
គិតត្រឹមខែមីនា ឆ្នាំ២០២៣ រដ្ឋបាលជលផលខេត្ត ដោយមានការសហការពីអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គនាយកដ្ឋាននគរបានជាតិ និងព្រះរាជអាជ្ញាខេត្ត ចុះ បង្ក្រាបបទល្មើសនេសាទ ដោយប្រើឧបករណ៍ឆក់ ក្នុងខេត្តពោធិ៍សាត់ និងខេត្តសៀមរាប ដោយរឹបអូសនូវវត្ថុតាងមួយចំនួនដូចជា៖ ឧបករណ៍ឆក់ចំនួន៩គ្រឿង អាំងវិចទ័រឆក់ត្រីចំនួន៦គ្រឿង ដុំភ្លើងសម្រាប់កែច្នៃ១៥គ្រឿង ម៉ូតូ២គ្រឿង និង ឃាត់ខ្លួនឃាត់ខ្លួនជនសង្ស័យ២នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់។
បើតាមរដ្ឋបាលជលផល ក្នុងសកម្មភាពនោះបានចុះបង្ក្រាបទីតាំងកែច្នៃឧបករណ៍ឆក់ត្រី ទីតាំងកែច្នៃគ្រាប់ផាវបំផ្ទុះត្រីក្នុងដែននេសាទ និងធ្វើការឆែកឆេរលំនៅដ្ឋានជនសង្ស័យផលិតឧបករណ៍ឆក់ត្រី និងផ្សព្វផ្សាយលក់តាមបណ្តាញសង្គម ក្នុងខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ដោយរឹបអូសវត្ថុតាងមួយចំនួនដូចជា៖ ឧបករណ៍ឆក់ត្រី៤គ្រឿង និង ឃុំខ្លួនជនសង្ស័យក្នុងពន្ធនាគារជាបណ្តោះអាសន្ន៕