ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដឹកនាំកិច្ចប្រជុំពិភាក្សាលើប៉ូលសេដ្ឋកិច្ចថ្មីភាគពាយ័ព្យសំដៅជំរុញកំណើនសេដ្ឋកិច្ចជាគោល ដោយគោរពទៅតាមអនាម័យនិងភូតគាមអនាម័យ (SPS) ព្រមទាំងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។
បើតាម លោក ឌិត ទីណា កិច្ចប្រជុំនេះ ពិជាមានសារៈសំខាន់ណាស់ ដើម្បីប៉ូលសេដ្ឋកិច្ចថ្មីប្រសូត្រឡើងតាមការគ្រោងទុក និងអាចជួយសម្រួលដល់ដល់ទីផ្សារ ក្នុងការការនាំចេញនិងនាំចូលផលិតផលរវាងកម្ពុជានិងចិន សំដៅជំរុញកំណើនសេដ្ឋកិច្ចជាគោល ដោយគោរពទៅតាមអនាម័យនិងភូតគាមអនាម័យ (SPS) ព្រមទាំងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។
ក្នុងន័យនេះ លោក រដ្ឋមន្ត្រី បានណែនាំដល់អនុវិស័យនីមួយៗ ត្រូវពិនិត្យលើសក្តានុពល ប្រភពអត្តសញ្ញាណផលិតផល (GI) ព្រមទាំងបែបបទពាណិជ្ជកម្មនៃប្រទេសសមាជិក WTO ដោយសហការវិនិយោគជាមួយក្រុមហ៊ុន ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។ ក្រៅតែពីការនាំចេញ លោកក៏បានលើកឡើងពីការនាំចូលជី និងថ្នាំកសិកម្មពីប្រទេសចិនផងដែរ។
តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារនៅតាមអនុវិស័យនីមួយៗ ត្រូវរៀបចំគម្រោងសំណើនៃប៉ូលសេដ្ឋកិច្ចទី៤ ទាំងរយៈពេលខ្លី មធ្យម និងវែង ដោយភ្ជាប់ជាមួយច្រករបៀង «មច្ឆា និងអង្ករ» សម្រាប់ដាក់ជូនរដ្ឋាភិបាលពិនិត្យសម្រេច ដោយត្រូវគិតពីប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងហោចណាស់ឱ្យបានរយៈពេល១ទសវត្សរ៍៕