សម្តេច ហ៊ុន សែន ឱ្យលោកស្រី ទ្រី ដាណា សហការជាមួយក្រសួងវប្បធម៌ បើចង់តាំងបង្ហាញវប្បធម៌ខ្មែរ

ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ស្នើ ឱ្យលោកស្រី ទ្រី ដាណា ធ្វើកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យបានត្រឹមត្រូវ បើសិនជាចង់រៀបចំការបង្ហាញវប្បធម៌ខ្មែរក្នុងថ្ងៃសង្រ្គាន ។

ការស្នើរបស់ប្រមុខនៃរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ធ្វើឡើងតាមរយៈសារនៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣នេះ បន្ទាប់ពីលោក ស្រី ទ្រី ដាណា បានប្រតិកម្មខ្លាំងៗ ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមិនអនុញ្ញាត និងស្នើឱ្យ លោកស្រីកែម្រួលលើសម្លៀកបំពាក់ និង តួអង្គឱ្យបានត្រឹមត្រូវ មុននឹងដាក់តាំងបង្ហាញ។

សម្តេច ហ៊ុន សែនបញ្ជាក់ ការស្រឡាញ់វប្បធម៌ គឺជារឿងល្អ ប៉ុន្តែ បើការរៀបចំនោះ ខុសឆ្គង និងមិនត្រឹមត្រូវ ស្មើនឹង បំផ្លាញវប្បធម៌របស់ខ្មែរទៅវិញទេ ។ម៉្យាងទៀត នឹងធ្វើឱ្យប្រទេសជិតខាង ដែលមានវប្បធម៌ស្រដៀងនឹងកម្ពុជា គេថាលួចចម្លងរបស់គេ ។

ក្នុងន័យនេះ បើតាម សម្តេច ហ៊ុន សែន លោកស្រី ទ្រី ដាណា នៅតែអាចរៀបចំ ការបង្ហាញវប្បធម៌ខ្មែរក្នុងថ្ងៃសង្រ្គាន ប៉ុន្តែ ត្រូវមានកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យបានត្រឹមត្រូវ ។ជាមួយគ្នានេះ សម្តេច ក៏បានប្រគល់ភារកិច្ចនេះ ជូនលោកស្រី ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជូនអ្នកជំនាញរបស់ក្រសួង ទៅជួយរៀបចំ ដើម្បីការតាំងបង្ហាញនេះ មានភាពត្រឹមត្រូវ និងតាមក្បួនខ្នាតរបស់ខ្មែរ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ប្រាប់សារព័ត៌មាន KHMER CM នៅថ្ងៃទី ៧ ខែមីនា នេះថា ក្រសួងស្នើ ឱ្យលោកស្រី ទ្រី ដាណា កែសម្រួលលើសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវតាមរចនាបទខ្មែរ ។ មួយទៀត តួអង្គដែលលោកស្រី ឱ្យស្លៀកពាក់ទៀតសោត ក៏ជាតួអង្គមេទ័ព ប៉ុន្តែ លោកស្រីថាជាតួអង្គព្រះបាទ ជ័យវរ្ម័នទី ៧ ដែលក្រសួងបញ្ជាក់ថាមិនត្រឹមត្រូវនោះទេ ។

លោកថ្លែងថា « យើងបានជំរាបទៅគាត់ថា ឱ្យគាត់កែសម្រួល បានយើងអនុញ្ញាត ហើយយើងគាំទ្រ ។ គាត់បានអឺអើ ប៉ុន្តែ គាត់មិនបានភ្ជាប់ឯកសារកែសម្រួល ហើយគាត់ចេះ តែបង្ខំពេលវេលា ។ ខ្ញុំគ្រាន់តែចង់ជំរាបថា ស្អីដែលគាត់បង្ហោះហ្នឹង គាត់ជាមនុស្សសាធារណៈ ហើយយើងនៅតែគាំទ្រនូវគម្រោងរបស់គាត់ ប៉ុន្តែ បើគាត់ជួយទាំងខុស បំផ្លាញវប្បធម៌ ក៏វាមិនកើតដែរ»។

លោកស្រីទ្រី ដាណា ដែលត្រូវបានគេស្គាល់ថា ជាស្រ្តីជំនួញលេចធ្លោរមួយរូបបាន មានគម្រោងផ្សព្វផ្សាយវប្បធម៌ខ្មែរក្នុងថ្ងៃសង្គ្រាន ដែលខ្ទង់ចំណាយ(ជាង10ម៉ឺនដុល្លារ បញ្ចាក់គឺគ្រាន់តែកម្មវិធី វប្បធម៌១ប៉ុណ្ណោះមិនរាប់បញ្ជូលកម្មវិធីផ្សេងៗទេ) ប៉ុន្តែ ត្រូវលុបចោលទៅវិញដោយសារគ្រាន់តែលោកស្រីសុំច្បាប់ថតរូបបែបប្រពៃណីនិង វប្បធម៌នៅអង្គរ២ឈុតសោះវេទនាដូចទៅសុំភ្លើងយក្ស។

លោកស្រីថ្លែងថា៖ « ខ្ញុំខ្ចិលណាស់ ព្រោះកម្មវិធីរបស់ខ្ញុំគឺខ្ញុំចំណាយលុយរបស់ខ្ញុំផ្ទាល់គ្មានទទួល ឧបត្ថម្ភមកពីណាទេ គ្រាន់តែចង់អោយកូនខ្មែរជំនាន់ក្រោយមានការចងចាំមួយប៉ុណ្ណោះតែពេលនេះនាងខ្ញុំសុំទោសបងប្អូនខ្មែរទាំងអស់ផង មិនមែនខ្ញុំមិនផ្សាយវប្បធម៌ខ្មែរទេគឺមកពីក្រសួងវប្បធម៌ ផ្តល់ផលលំបាកដល់ខ្ញុំដូចនេះបើ ឃើញខ្ញុំធ្វើកម្មវិធីអ្វីដែលមិនមាន វប្បធម៌ខ្មែរសុំទោសទុកជាមុន»។

ទោះជាយ៉ាងនេះក្តី លោកស្រីបន្តថា ក្រោយការលុបចោលការបង្ហាញវប្បធម៌ក្នុងថ្ងៃសង្រ្គានឃើញថាមានការ ប្រតិកម្មខ្លាំងពីសំណាក់មហាជននិងបងប្អូនខ្មែរយើងមួយចំនួនទាំងចាស់ទាំងក្មេងនិងទាំងប្រុសទាំងស្រីដែលស្រលាញ់ វប្បធម៌ខ្មែរ ដូច្នេះលោកស្រីបានសម្រេចចិត្តរួចហើយថាលោកស្រីនឹងបន្តការបង្ហាញវប្បធម៌ខ្មែរនិងមរតកដូនតាមកវិញនៅក្នុងថ្ងៃសង្ក្រាន្ត nnp។

លោកស្រីបន្តថា បើទោះជាក្រសួង វប្បធម៌ មិនអនុញ្ញាតឲ្យថតរូបនៅប្រាសាទអង្គរវត្តក៏ដោយ ក៏លោកស្រីនៅតែប្រកាន់គោលជំហរមួយស្រឡាញ់វប្បធម៌និងបង្ហាញវប្បធម៌ខ្មែរនិងមរតកដូនតាជាយូលង់ណាស់មកហើយមកបង្ហាញជូនឲ្យមហាជននឹងប្រទេសជិតខាងយើងបានឃើញថាខ្មែរគឺអស្ចារ្យប៉ុណ្ណា តែអ្វីដែលលោកស្រីសោកស្តាយនិងបារម្ភនោះគឺបងប្អូនកូនក្មួយជំនាន់ក្រោយយើង មិនងាយបានថត រូបវប្បធម៌នៅប្រាសាទដើម្បីបង្ហាញទៅបានទៀតដោយសារ ក្រសួងវប្បធម៌ មានផលលំបាកខ្លាំងណាស់ ក្នុងការសុំច្បាប់ថតទាំងដែល ខាងក្រសួងប្រាប់គឺយើងធ្វើតាមគ្រប់យ៉ាងហើយនោះវេទនាជាងទៅសុំភ្លើងយក្សទៀត ចាំឆ្លងនេះឆ្លងនោះរហូតទាល់តែហួសថ្ងៃថតហើយ បើសំរេចចំថ្ងៃក៏ហួសពេលដោយសារចេញពីភ្នំពេញហើយនិងត្រូវណាត់ក្រុមការងារនិងខាងរបាំទៀតពិតជាវេទនា ។

លោកស្រីថ្លែងថា៖ «មិនអីទេបងប្អូនជួបគ្នាក្នុងថ្ងៃសង្គ្រានnnpថ្ងៃទី24,25,26ក្នុងការបង្ហាញនូវ វប្បធម៌ខ្មែរនិងមរតកខ្មែរយើងជាច្រើនបើទោះជាក្រសួង វប្បធម៌មិនសហការក៏ខ្ញុំព្យាយាមធ្វើអោយបានល្អបំផុតសំរាប់បងប្អូនកូនក្មួយជំនាន់ក្រោយអោយបានឃើញនូវ វប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរយើងដែរ»៕