ភ្នំពេញ៖ តាមរយៈលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញ ក.ប.ប បានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន ១ទីតាំង ក្នុងចំណោម ១៦ទីតាំងដែលបានត្រួតពិនិត្យ និងពិន័យអន្តរការណ៍ស្របតាមច្បាប់ជាធរមាន។ នេះ បើតាមអគ្គនាយករដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៣ ។
ក.ប.ប បន្តថា កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ២០២៣មន្រ្តីជំនាញ ក.ប.ប. បានបន្តការអនុវត្តច្បាប់លើធុរជនដែលប្រកបអាជីវកម្មមិនសុចរិតភាពនៅលើទីផ្សារប្រេងឥន្ធនៈនៅតាមបណ្ដាស្ថានីយ/ដេប៉ូស្ថិតក្នុងខេត្តរតនគិរី ខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង។
ក.ប.ប បន្ថែមថា ការអនុវត្តច្បាប់នេះគឺជាការអនុវត្តស្របតាមច្បាប់និងបទប្បញ្ញត្តិដែលមានចែងសម្រាប់ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចគ្រប់ប្រភេទនៅលើទីផ្សារ ការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ និងរក្សាចរន្តទីផ្សារឱ្យមានភាពសមធម៌ និងត្រឹមត្រូវក្នុងការប្រកួតប្រជែង៕