ភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការព្រួយបារម្ភចំពោះក្រុមពិធីករ-ពិធីការិនី និងអ្នកចម្រៀង កើតទឹកនោមផ្អែម ដោយសារហូបភេសជ្ជៈផ្អែមៗច្រើននៅពេលទៅប្រគំតន្រ្តី។
ក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៧ មីនា សម្តេច បានសម្តែងការព្រួយបារម្ភចំពោះពិធីករ-ពិធីការិនីមានជំងឺទឹកនោមផ្អែម ដោយសារអ្នកចម្រៀងខ្លះថ្ងៃនេះ ទៅច្រៀងនៅពាណិជ្ជកម្មខារ៉ាបាវ ដល់ស្អែកទៅបាកាសក៏ភ្លក់បាកាសទៅ ដល់ខានស្អែកទៅច្រៀងនៅអីឈីតាន់ ក៏ភ្លក់ទៅ “អីចឹងទេ ថ្ងៃក្រោយសូមផ្តាំទៅក្មួយៗអ្នកចម្រៀង ក៏ដូចជាពិធីករ-ពិធីការិនី អីចឹងសូមថ្ងៃក្រោយគ្រាន់តែលើកធ្វើហូបទៅ”
សម្តេចគូសបញ្ជាក់ថា «ក្មួយៗកុំទៅលេបអី ព្រោះច្រេីនមុខណាស់ មិនដឹងថាថ្ងៃក្រោយកើតអ្វីទេ ។ខ្លះទៀតថ្ងៃក្រោយច្រៀងអត់កើតទៀត។ ខ្ញុំឃើញផឹក… អ្នកផឹកគេផឹកទៅ តែយើងគ្រាន់តែលើកបានហើយ មិនចាំលើកផឹកទេ»។
ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា នេះជាគ្រាន់តែជាការរំលឹកដល់ពិធីករ-ពិធីការិនី និងអ្នកចម្រៀងតែប៉ុណ្ណោះ។ តែសម្តេចថា ច្បាស់ជាពិធីករ-ពិធីការិនី អ្នកចម្រៀង មានវិធីដោះស្រាយហើយ៕ ដោយ៖ រិន ចំរើន