ភ្នំពេញ៖ ឆ្លើយតបទៅនឹងការលុបចោលការបង្ហាញវប្បធម៌ក្នុងថ្ងៃសង្រ្គាន ដែលត្រៀរៀបចំធ្វើនៅក្នុងតំបន់អង្គរ របស់លោកស្រី ទ្រី ដាណា អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បញ្ជាក់ថា ក្រសួងមិនដែលបានហាមឃាត់ ឬមិនអនុញ្ញាតថា មិនឱ្យធ្វើនោះទេ ប៉ុន្តែ ក្រសួងស្នើសុំឱ្យលោកស្រីកែសម្រួលលើសម្លៀកបំពាក់ និងតួអង្គ ព្រោះក្រសួងពិនិត្យឃើញថា វាមិនត្រឹមត្រូវតាមរចនាបទខ្មែរ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ប្រាប់សារព័ត៌មាន KHMER CM នៅថ្ងៃទី ៧ ខែមីនា នេះថា ក្រសួងស្នើ ឱ្យលោកស្រី ទ្រី ដាណា កែសម្រួលលើសម្លៀកបំពាក់ឱ្យបានត្រឹមត្រូវតាមរចនាបទខ្មែរ ។ មួយទៀត តួអង្គដែលលោកស្រី ឱ្យស្លៀកពាក់ទៀតសោត ក៏ជាតួអង្គមេទ័ព ប៉ុន្តែ លោកស្រីថាជាតួអង្គព្រះបាទ ជ័យវរ្ម័នទី ៧ ដែលក្រសួងបញ្ជាក់ថាមិនត្រឹមត្រូវនោះទេ ។
លោកថ្លែងថា « យើងបានជំរាបទៅគាត់ថា ឱ្យគាត់កែសម្រួល បានយើអនុញ្ញាត ហើយយើងគាំទ្រ ។ គាត់បានអឺអើ ប៉ុន្តែ គាត់មិនបានភ្ជាប់ឯកសារកែសម្រួល ហើយគាត់ចេះ តែបង្ខំពេលវេលា ។ ខ្ញុំគ្រាន់តែចង់ជំរាបថា ស្អីដែលគាត់បង្ហោះហ្នឹង គាត់ជាមនុស្សសាធារណៈ ហើយយើងនៅតែគាំទ្រនូវគម្រោងរបស់គាត់ ប៉ុន្តែ បើគាត់ជួយទាំងខុស បំផ្លាញវប្បធម៌ ក៏វាមិនកើតដែរ»។
បើតាម លោក ឡុង ប៉ុណ្ណាសេរីវត្ថ ការដែលមានថវិកា និងឆន្ទៈ លើកស្ទួយវិស័យវប្បធម៌ខ្មែរ គឺវាពិតជាល្អណាស់ ប៉ុន្តែ ត្រូវតែរៀបចំធ្វើឱ្យបានត្រឹមត្រូវ ។ ករណី លោកស្រីទ្រី ដាណា បង្ហោះថា ក្រសួងអីចេះ ឬ អីចុះ មិនដឹងថា យ៉ាងម៉ិចដែរ ប៉ុន្តែ បើគាត់ថា ត្រឹមត្រូវ ហើយ ហេតុអ្វីចាំឆ្លងមកក្រសួងធ្វើអ្វី ។ នៅពេលដែលឆ្លងមកក្រសួងនេះ ក្រសួងពិនិត្យឃើញខុស នឹងឱ្យកែសម្រួលហើយ មិនមែនមានលុយហើយចេះតែធ្វើទាំងខុសនោះទេ ។
លោកស្រីទ្រី ដាណា ដែលត្រូវបានគេស្គាល់ថា ជាស្រ្តីជំនួញលេចធ្លោរមួយរូបបាន មានគម្រោងផ្សព្វផ្សាយវប្បធម៌ខ្មែរក្នុងថ្ងៃសង្គ្រាន ដែលខ្ទង់ចំណាយ(ជាង10ម៉ឺនដុល្លារ បញ្ចាក់គឺគ្រាន់តែកម្មវិធី វប្បធម៌១ប៉ុណ្ណោះមិនរាប់បញ្ជូលកម្មវិធីផ្សេងៗទេ) ប៉ុន្តែ ត្រូវលុបចោលទៅវិញដោយសារគ្រាន់តែលោកស្រីសុំច្បាប់ថតរូបបែបប្រពៃណីនិង វប្បធម៌នៅអង្គរ២ឈុតសោះវេទនាដូចទៅសុំភ្លើងយក្ស។
លោកស្រីថ្លែងថា៖ « ខ្ញុំខ្ចិលណាស់ ព្រោះកម្មវិធីរបស់ខ្ញុំគឺខ្ញុំចំណាយលុយរបស់ខ្ញុំផ្ទាល់គ្មានទទួល ឧបត្ថម្ភមកពីណាទេ គ្រាន់តែចង់អោយកូនខ្មែរជំនាន់ក្រោយមានការចងចាំមួយប៉ុណ្ណោះតែពេលនេះនាងខ្ញុំសុំទោសបងប្អូនខ្មែរទាំងអស់ផង មិនមែនខ្ញុំមិនផ្សាយវប្បធម៌ខ្មែរទេគឺមកពីក្រសួងវប្បធម៌ ផ្តល់ផលលំបាកដល់ខ្ញុំដូចនេះបើ ឃើញខ្ញុំធ្វើកម្មវិធីអ្វីដែលមិនមាន វប្បធម៌ខ្មែរសុំទោសទុកជាមុន»។
ទោះជាយ៉ាងនេះក្តី លោកស្រីបន្តថា ក្រោយការលុបចោលការបង្ហាញវប្បធម៌ក្នុងថ្ងៃសង្រ្គានឃើញថាមានការ ប្រតិកម្មខ្លាំងពីសំណាក់មហាជននិងបងប្អូនខ្មែរយើងមួយចំនួនទាំងចាស់ទាំងក្មេងនិងទាំងប្រុសទាំងស្រីដែលស្រលាញ់ វប្បធម៌ខ្មែរ ដូច្នេះលោកស្រីបានសម្រេចចិត្តរួចហើយថាលោកស្រីនឹងបន្តការបង្ហាញវប្បធម៌ខ្មែរនិងមរតកដូនតាមកវិញនៅក្នុងថ្ងៃសង្ក្រាន្ត nnp។
លោកស្រីបន្តថា បើទោះជាក្រសួង វប្បធម៌ មិនអនុញ្ញាតឲ្យថតរូបនៅប្រាសាទអង្គរវត្តក៏ដោយ ក៏លោកស្រីនៅតែប្រកាន់គោលជំហរមួយស្រឡាញ់វប្បធម៌និងបង្ហាញវប្បធម៌ខ្មែរនិងមរតកដូនតាជាយូលង់ណាស់មកហើយមកបង្ហាញជូនឲ្យមហាជននឹងប្រទេសជិតខាងយើងបានឃើញថាខ្មែរគឺអស្ចារ្យប៉ុណ្ណា តែអ្វីដែលលោកស្រីសោកស្តាយនិងបារម្ភនោះគឺបងប្អូនកូនក្មួយជំនាន់ក្រោយយើង មិនងាយបានថត រូបវប្បធម៌នៅប្រាសាទដើម្បីបង្ហាញទៅបានទៀតដោយសារ ក្រសួងវប្បធម៌ មានផលលំបាកខ្លាំងណាស់ ក្នុងការសុំច្បាប់ថតទាំងដែល ខាងក្រសួងប្រាប់គឺយើងធ្វើតាមគ្រប់យ៉ាងហើយនោះវេទនាជាងទៅសុំភ្លើងយក្សទៀត ចាំឆ្លងនេះឆ្លងនោះរហូតទាល់តែហួសថ្ងៃថតហើយ បើសំរេចចំថ្ងៃក៏ហួសពេលដោយសារចេញពីភ្នំពេញហើយនិងត្រូវណាត់ក្រុមការងារនិងខាងរបាំទៀតពិតជាវេទនា ។
លោកស្រីថ្លែងថា៖ «មិនអីទេបងប្អូនជួបគ្នាក្នុងថ្ងៃសង្គ្រានnnpថ្ងៃទី24,25,26ក្នុងការបង្ហាញនូវ វប្បធម៌ខ្មែរនិងមរតកខ្មែរយើងជាច្រើនបើទោះជាក្រសួង វប្បធម៌មិនសហការក៏ខ្ញុំព្យាយាមធ្វើអោយបានល្អបំផុតសំរាប់បងប្អូនកូនក្មួយជំនាន់ក្រោយអោយបានឃើញនូវ វប្បធម៌ដ៏អស្ចារ្យរបស់ខ្មែរយើងដែរ»៕
ដោយ៖ ពុទ្ធិពល