ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើង ពីការហែកហួរគ្នា រវាង ប្តី ប្រពន្ធ លែងលះគ្នា ហើយមានការឌឺដងឲ្យគ្នា តាមបណ្តាញសង្គម Facebook ដែលនេះ សម្ដេច ចាត់ទុកថា ជារឿងអាម៉ាសបំផុត មិនត្រឹមតែបុគ្គលទាំងសងខាងនោះទេ វាបានជះឥទ្ធិពលធ្ងន់ធ្ងរដល់កូនៗ និងក្រុមគ្រួសារទៀតផង។
ការលើកឡើងរបស់សម្តេច ហ៊ុន សែន ខាងលើនេះ ធ្វើឡើងនៅថ្ងៃ ទី៧ ខែមីនា ឆ្នាំ២០២៣ នេះ ក្នុងពេលសម្តេច អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏អំពាវនាវដល់ក្រុមគ្រួសារទាំងឡាយ បើសិនជាក្រុមគ្រួសាររស់នៅមិនចុះសម្រុងជាមួយគ្នា ត្រូវដោះស្រាយគ្នាដោយសន្ដិវិធី ដើម្បីរក្សាកិត្តិយសគ្រួសារ និងសីលធម៌នៅក្នុងសង្គម ជៀសវាងការហែកហួរជេរគ្នាតាមបណ្ដាញសង្គម ដែលធ្វើឲ្យអាប់ឱនទាំងគ្រួសារ និងសង្គមជាតិផងដែរ។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានសម្តែងការព្រួយបារម្ភចំពោះទម្ងន់ នៃអំពើហិង្សានានា ដែលមានស្ថានភាពធ្ងន់ធ្ងរ រហូតដល់បុរសជាប្តីបាញ់សម្លាប់ប្រពន្ធខ្លួនឯង កាលពីពេលថ្មីៗនេះ និងទម្រង់ហិង្សាផ្សេងៗទៀត ដូច្នេះសម្តេចបានអំពាវនាវឲ្យមានការបញ្ឈប់នៅអំពើហិង្សាទាំងអស់នេះ និងចូលរួមលុបបំបាត់អំពើហិង្សាគ្រប់រូបភាពទាំងអស់ទៅលើស្ត្រី។
បើតាម សម្តេច ហ៊ុន សែន គោលដៅធំ និងជាអាទិភាពដែលរាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវធ្វើ គឺត្រូវការពង្រឹងអំណាចស្រ្ដីក្នុងវិស័យសេដ្ឋកិច្ចឱ្យបានកាន់តែធំធេងថែមទៀត តាមរយៈការពង្រឹងអំណាចដល់ស្រ្ដីនូវគ្រប់ការងារទាំងអស់ជាពិសេសអំណាចគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារ៕