ឃាត់ខ្លួនបុរសម្នាក់នៅតាកែវពាក់ព័ន្ធនឹងករណី «ឆបោក»

ភ្នំពេញ៖ សមត្ថកិច្ចខេត្តតាកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ជិន សុខជា ហៅសុផល យកមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត (ឆបោក)។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងមានបទបញ្ជាពីលោកស្នងការ និងដឹកនាំសម្របសម្រួលដោយ ព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ។

សូមបញ្ជាក់ថា ប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងធំខាងជើង បានទទួលពាក្យបណ្ដឹង ០១ច្បាប់ពីឈ្មោះ សោម បុល ភេទស្រី អាយុ ៥១ ឆ្នាំ រស់នៅភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានប្ដឹងទៅលើឈ្មោះ ជិន សុខជា ហៅសុផលភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅនៅភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ពីបទប្រើល្បិចក្លែងខ្លួនជាមន្ត្រីឥណទានធានាគាឆបោកប្រាក់របស់គាត់អស់ចំនួន ៤១៤០ ដុល្លារអាមេរិក កាលពីកំឡុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២២៕ ដោយ៖ ពុទ្ធិពល