កម្លាំងនគរបាល៣៩៨នាក់ រថយន្តទឹក២១គ្រឿង ចុះអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅវេលាម៉ោង៦:១០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ ចំណុចមុខសណ្ឋាគារអូរមាស តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានអគ្គិភ័យឆេះរាលដាលផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ក្នុងកិច្ចប្រតិបត្តិការនេះ លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចាត់បញ្ជូនកម្លាំងនគរបាលចំនួន៣៩៨នាក់ និងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន២១ គ្រឿង និងប្រើប្រាស់រថយន្តសង្គ្រោះ០៦គ្រឿង។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលស្រុកអូរជ្រៅ រងរបួសស្រាល០១នាក់។

បច្ចុប្បន្នភ្លើងបានរលត់ទៅវិញទាំងស្រុងហើយ ប៉ុន្តែលោកស្នងការ បានបន្តចាត់កម្លាំងការពាររក្សាសន្តិសុខ ទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋដែលរងគ្រោះ
បានចាត់កម្លាំងរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍តាមដងផ្លូវសាធារណៈឲ្យដំណើរការធម្មតា ។

បន្ថែមពីនេះ លោកបានចាត់កម្លាំងជំនាញបច្ចេកទេស វិទ្យាសាស្ត្រ ដើម្បីសួរនាំស្រាវជ្រាវពីមូលហេតុដែលបង្ករឲ្យមានអគ្គីភ័យនេះឡើង។

ក្នុងហេតុការណ៍នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំងជាក់ស្តែង និងបានសុំជំនួយរថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះពីអាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ មកជួយពន្លត់ផងដែរ៕ ដោយ៖ ពុទ្ធិពល