គ្រោះថ្នាក់ចរាចរណ៍បុកគោ៤ក្បាល ងាប់ភ្លាមៗនៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ២កន្លែងផ្សេងគ្នា នៅខេត្តស្វាយរៀង បណ្តាលឲ្យសត្វគោ ៤ក្បាល ងាប់ភ្លាមៗ នៅនឹងកន្លែង និង ១ក្បាលទៀត របួសធ្ងន់ ខណៈសំណាងល្អអ្នកបើកបររថយន្ត រងរបួសស្រាល។

របាយការណ៍របស់ នគរបាលបុស្តិ៍រដ្ឋបាលឃុំញរ បានឲ្យដឹងថា កាលពីវេលាម៉ោង ២ និង ៤៥នាទី រសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ ផ្លូវជាតិលេខ៣១៤D ស្ថិតនៅភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទិ៍។

របាយការណ៍ដដែលបន្តថា ហេតុការណ៍នោះ បង្កដោយសត្វគោ ១ក្បាល បានបោរឆ្លងផ្លូវ ក៏ត្រូវរថយន្ត បុកពេញទំហឹង បណ្តាលឲ្យសត្វគោ ១ក្បាលនោះ ងាប់ភ្លាមៗ នៅនឹងកន្លែង។ ចំណែករថយន្តមិនទាន់អស់ល្បឿន ក៏រេចង្កូតទៅខាងស្តាំ បុករបងថ្ម បាក់អស់ ២ផ្ទាំង។ រថយន្ត ខូចខ្ទេចផ្នែកកាប៊ីនមុខ។ រីឯអ្នកបើកបររបួសស្រាល។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក វ៉ូលវ៉ូ ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 2A-8349 បើកបរពីទិសខាងជើង ទៅត្បូង មានល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ។ ស្រាប់តែ មានសត្វគោ ១ក្បាល បោរកាត់ថ្នល់ នាំឲ្យរថយន្ត បុកពេញទំហឹង បណ្តាលឲ្យងាប់គោនោះភ្លាមៗ នៅនឹងកន្លែង។

ប្រភពដដែលបន្តទៀតថា កាលពី ម៉ោង ៥ និង ២០នាទី ល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុច ខាងត្បូងកន្លែងហេតុនោះ ប្រមាណជាង ១០០ម៉ែត្រ ក៏មានករណីសត្វគោមួយហ្វូង បោរកាត់ថ្នល់ជាតិលេខ៣១៤D ស្ថិតនៅភូមិត្រពាំងឆ្លូញ នាំឲ្យរថយន្ត ១គ្រឿង ម៉ាក TOYOTA ហើម ស៊េរី៩៣ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E-2827 បុកគោ ពេញទំហឹង បណ្តាលឲ្យងាប់គោ ០៣ក្បាល និងរបួសធ្ងន់គោ ១ក្បាល។ ចំណែករថយន្តជ្រុលទៅបុករបង បណ្តាលឲ្យ រថយន្តខូចខ្ទេចកាប៊ីនខាងមុខធ្ងន់ធ្ងរ។ ចំណែកអ្នកបើកបររបួសស្រាល។

ក្រោយហេតុការណ៍ភ្លាមៗ គេមិនបានឃើញម្ចាស់គោ ចេញមុខនោះទេ ។ សមត្ថកិច្ច បានយករ៉ឺម៉កម៉ូតូ មកដឹកខ្មោចគោ យកទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃុំញរ ដើម្បីស្រាវជ្រាវរកម្ចាស់សត្វគោ មកដោះស្រាយតាមនីតិវិធី។

ក្នុងករណីនេះ តាមច្បាប់ ម្ចាស់គោ ដែលព្រលែងគោ ពាសវាសពាសកាល ដូច្នេះ ត្រូវទទួលខុសត្រូវ សង ថ្លៃខូចខាត ។ ដូច្នេះ ម្ចាស់គោ ត្រូវបាត់បង់ទាំងគោ ហើយ ក៏ត្រូវអស់លុយស ការខូចខាតថែមទៀត៕