គ្រួសារជនរងគ្រោះស្នើឱ្យរដ្ឋមន្រ្តីក្រសួងព័ត៍មានជួយចុះផ្សាយករណីគ្រោះថ្នាក់ចរាចរណ៍ដែលធ្វេីឱ្យសមាជិកគ្រួសារខ្លួនស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៍មាន លោក ខៀវ កញ៉ារីទ្ធ នៅថ្ងៃទី ៤ ខែកុម្ភៈនេះ បានទទួលសារពីក្រុមគ្រួសារជនរងគ្រោះស្នើសុំជួយចុះផ្សាយករណីគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឱ្យសមាជិកគ្រួសារខ្លួនស្លាប់ម្នាក់កាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង២យប់ត្រូវរថយន្តបើកបុក រួចបើករត់បាត់ទៅ បានបន្សល់តែស្លាកលេខរថយន្តភ្នំពេញ 2BG-5454 នៅកន្លែងកើតហេតុ។

ខាងក្រោមនេះជាសារទាំងស្រុងពីក្រុមគ្រួសារជនរងគ្រោះ៖ »សូមគោរពជំរាបសួរ ឯកឧត្តម
ខ្ញុំមានរឿងមួយចង់អោយឯកឧត្តមជួយផ្សាយ ប្អូនប្រុសរបស់ខ្ញុំ ជួបគ្រោះថ្នាក់ចរាចរណ៍ពេលចេញពីធ្វើការត្រឡប់មកផ្ទះវិញ ថ្ងៃទី03/02/2023 ម៉ោង២យប់ត្រូវរថយន្តបើកបុក រួចបើករត់បាត់ទៅ បានបន្សល់តែស្លាកលេខរថយន្តភ្នំពេញ 2BG-5454 នៅកន្លែងកើតហេតុ នៅផ្លូវលេខ៦០៨ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ តាំងពីពេលកើតហេតុមកដល់ឥឡូវនៅតែមិទាន់មានបងៗអ្នកសារព័ត៌មានចុះផ្សាយទេ (ប្អូនប្រុសរបស់ខ្ញុំត្រូវបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ )សូមឯកឧត្តមមេត្តាជួយចុះផ្សាយផងដើម្បីអោយបងប្អូនប្រជាពលរដ្ឋលោកបានឃើញរថយន្តបង្កជួយរាយការណ៍មកសមត្ថកិច្ចដើម្បីឆាប់រកយុត្តិធម៌អោយប្អូនខ្ញុំ»។

ពាក់ព័ន្ធនឹងករណីខាងលេីនេះ មន្រ្តីជំនាញចរាចរណ៍នៃអធិការខណ្ឌទួលគោកនៅព្រឹកនេះបានប្រាប់សារព័ត៍មានខ្មែរឈានមុខថា បច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជេីងស្វែងរកជនបង្កមកទទួលខុសត្រូវដោយមិនទុកករណីនេះចោលនោះទេ ៕ ដោយ៖ ពុទ្ធិពល