ពានរង្វាន់មិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួន ក្នុងតុលាការ របស់ប្រទេសណាមួយឡើយ

ភ្នំពេញ ៖អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការសង្កេតទៅលើការប្រកាសនាពេល ថ្មីៗនេះរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានសម្រេចផ្ដល់ពានរង្វាន់ដល់បុគ្គលល្មើស ច្បាប់មួយរូប នៅក្នុងប្រទេសកម្ពុជា ។

យោងតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យដឹងថា ពានរង្វាន់ជារឿយៗគឺសម្រាប់ទទួលស្គាល់បុគ្គលដែលតស៊ូ ដើម្បីសន្តិភាព ភាពសុខដុម រមនានិងការបង្រួបបង្រួមជាតិ ការកាត់បន្ថយសព្វាវុធ ការលុបបំបាត់ការរើសអើង អំពើ ហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ឬក៏បង្កើតស្នាដៃណាមួយសម្រាប់សង្គម ជាដើម។

ប្រភពដដែលបន្តថា ការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនតំណាងឱ្យបំណងប្រាថ្នាពិត ប្រាកដនៃប្រជាពលរដ្ឋកម្ពុជាភាគច្រើនទេ ព្រោះទង្វើបែបនេះគឺជាសារជំរុញផ្តល់កម្លាំង ដល់ក្រុមជាក់លាក់ ដែលបានត្រៀមខ្លួនរួចជាស្រេច កេងយកប្រយោជន៍ពីស្ថានការណ៍ ដើម្បីបម្រើរបៀបវារៈលាក់ពុតរបស់ខ្លួន ដែលពួនជ្រកក្រោមស្លាកសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលរូបនោះ ពុំពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ឬក៏វិវាទការងារទ ប៉ុន្តែគឺដោយសារការបំពានជាក់ស្តែងលើបម្រាមមិនឱ្យចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលកំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ មាត្រា ២៣០ នៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា បានចែងថា «ប្រសិនបើជនត្រូវ ចោទបានគេចវេះដោយចេតនា ពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើប សួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទ បណ្ដោះអាសន្នបាន»។

អ្នកនាំពាក្យបន្ថែមថា ពានរង្វាន់នេះមិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួននៅក្នុងតុលាការរបស់ ប្រទេសណាមួយឡើយ។ មធ្យោបាយស្របច្បាប់គឺ ការចូលរួមក្នុងដំណើរការកាត់ក្តី និង ផ្ដល់ទទឹករណ៍ផ្លូវច្បាប់ ជាមួយភស្តុតាងរឹងមាំ ដើម្បីដោះបន្ទុក នៅក្រោមច្បាប់ និងនីតិវិធី តុលាការរបស់រដ្ឋពាក់ព័ន្ធ។

សេចក្តីថ្លែងការណ៍ខាងលើនេះ ធ្វើឡើង បន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិកប្រកាសផ្តល់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ ជូនដល់ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ក្នុងចំណោម១០នាក់ផ្សេងទៀតជុំវិញពិភពលោក ខណៈកញ្ញា កំពុងជាប់ឃុំខ្លួនជាលើកទីពីរអស់រយៈពេល១០សប្ដាហ៍មកហើយ៕ ដោយ៖ ពុទ្ធិពល