សម្ដេចតេជោ គាំទ្រការកាត់ទោស សម រង្ស៊ី ដាក់គុកមួយជីវិត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសគាំទ្រតុលាការកាត់លោកសម រង្ស៊ី ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ដោយសម្តេចថា នេះជារឿងដ៏ត្រឹមត្រូវបំផុត ក្រោយមានភស្តុតាងជាក់លាក់ផងដែរ។

ក្រោយអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅក្រុងតាខ្មៅ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ បានបន្តប្រសិទ្ធនាមលោក សម រង្ស៊ីជាជនក្បតជាតិ៣ជំនាន់។ ដោយសម្តេចលើកជាសំណួរថា តើអាចក្លាយជាមេដឹកនាំកម្ពុជាបែប ណាទៅ? បើខ្លួនមិនទាន់មានអំណាចផង ទៅចុះហត្ថលេខាប្រគល់ទឹកដីទៅឱ្យជនបរទេសរហូតទៅដល់ ៤ខេត្ត។

សម្ដេចតេជោបន្ដថា ទោសនៅកម្ពុជាអត់មានប្រហារជីវិតទេ តែក្នុងករណីមានទោសប្រហារជីវិត ប្រហែលជាតុលាការនឹងកាត់អតិបរមា គឺប្រហារជីវិត ប៉ុន្តែកម្ពុជាមានទោសត្រឹមជាប់គុកមួយជីវិតប៉ុណ្ណោះ។ ដូច្នេះប្រជាពលរដ្ឋ ត្រូវមើលឃើញឱ្យច្បាស់អំពីចរិតសារជាតិ ក្បត់ជាតិ របស់ជនក្បត់ជាតិ សម រង្ស៊ី។ សម្ដេចតេជោ ក៏ចាត់ទុកថា ជាអំពើក្បត់ ៣ជំនាន់មនុស្ស តាំងពីជីតា ឪពុករហូតមកដល់កូន។

សម្ដេចតេជោគូសបញ្ជាក់ថា «អីចឹងក្នុងចំណុចនេះ គប្បីត្រូវបានបញ្ជាក់ឲ្យច្បាស់ថា សាលក្រមតុលាការ នេះ គឺត្រឹមត្រូវ ហើយអនុវត្តទៅលើទោសទណ្ឌដែលអ្នកឯងមានភស្តុតាងជាក់លាក់។ យើងគ្រាន់តែចោទសួរយ៉ាងសាមញ្ញបំផុតថា ហេតុអ្វីចាំបាច់ដាក់ទង់ជាតិពីខាងក្រោយរហូតដល់បី (ទង់ជាតិអាមេរិក-ទង់ជាតិកម្ពុជា-ទង់ជាតិម៉ុងតាញ៉ា) នោះបើគ្រាន់តែជាកិច្ចសន្យានៃការផ្ដល់សិទ្ធិឱ្យជនជាតិដើមភាគតិច ហើយជនជាតិដើមភាគតិចរបស់យើង មានតំណាងចុះហត្ថលេខាបែបនេះទេ?»។

សូមបញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី ដោយកំបាំងមុខ ដាក់ពន្ធនាគារអស់មួយជីវិត និងហាមឃាត់មិនឱ្យធ្វើនយោបាយផងដែរ ។

ការប្រកាសសាលក្រមតុលាការជាន់ទាបរបស់កម្ពុជា គឺជាសំណុំរឿងឧក្រិដ្ឋមួយករណីទៀតរបស់អតីត ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ជាប់ទាក់ ទងនឹងការលួចចុះហត្ថលេខាស្ងាត់ៗ លើកិច្ចព្រម ព្រៀងមួយជាមួយជនជាតិវៀតណាមឈ្មោះ កុក សរ ប្រធានមូលនិធិជនជាតិដើមភាគតិចម៉ុងតាញ៉ា ដោយ សន្យាកាត់ដីខ្មែរចំនួន៤ខេត្ត រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ទៅឱ្យក្រុមជនជាតិម៉ុងតាញ៉ាវៀតណាម និងផ្តល់ស្វយ័តភាពដល់ក្រុមជនជាតិនេះ ក្នុងការគ្រប់គ្រងនិងចាត់ចែង ប្រសិនបើអតីតគណបក្សសង្គ្រោះជាតិ ឈ្នះការបោះឆ្នោត នៅក្នុងឆ្នាំ ២០១៣។

ប៉ុន្តែទោះបីជាយ៉ាងណា ក៏តុលាការបានបើកផ្លូវឲ្យលោក សម រង្ស៊ីប្តឹងជំទាស់ទៅកាន់តុលាការឧទ្ធរណ៍ តាមនីតិវិធីច្បាប់ផងដែរ៕ ដោយ៖ រិន ចំរើន