អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកយកទិដ្ឋភាពច្បាប់ចំនួនពីរចំណុចពាក់ព័ន្ធនឹងការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ទណ្ឌិត សម រង្ស៊ី បានចេញឃ្លីបវីដេអូដែលមានចំណងជើងថា សេចក្តីអំពាវនាវរបស់លោក សម រង្ស៊ី ជូនចំពោះប្រជារាស្រ្តខ្មែរ និងកងកម្លាំងប្រដាប់អាវុធ៖ ត្រូវតែមានការផ្លាស់ប្តូរនៅកម្ពុជាក្នុងឆ្នាំ២០២៣។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ចាត់ទុកការអំពាវនាវនេះគឺមានបំណងញុះញង់ និងអំពាវនាវឱ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ចូលរួមធ្វើការបះបោរផ្គួលរំលំរដ្ឋាភិបាលស្របច្បាប់នៅឆ្នាំ២០២៣ខាងមុខនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចុះថ្ងៃទី១៧ តុលា។

ទិដ្ឋភាពផ្លូវច្បាប់ចំនួនពីរដែលក្រសួងយកមកពន្យល់ពាក់ព័ន្ធនឹងការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ីនេះ គឺទីមួយ ការញុះញង់ និងការអំពាវនាវឱ្យមានការចូលរួមធ្វើការបះបោរផ្គួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជាការបំផ្លាញសន្តិភាព ស្ថិរភាព និងសេចក្តីសុខសាន្តរបស់ប្រទេសកម្ពុជា ដែលផ្ទុយទៅនឹងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា។ ម្យ៉ាងវិញទៀតគឺវាខុសនឹងគោលការណ៍ប្រជាធិបតេយ្យ និងខុសទៅនឹងរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមានរបស់កម្ពុជា ហើយអ្នកប្រព្រឹត្តផ្ទាល់ និងអ្នកពាក់ព័ន្ធទាំងអស់ប្រឈមនឹងការចោទប្រកាន់និងការផ្តន្ទាទោសយ៉ាងតឹងរឺង។

ទីពីរ សកម្មភាពរបស់គណបក្សនយោបាយណា ដែលគាំទ្រ ឬចូលរួមអនុវត្តផែនការផ្គួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ទណ្ឌិត សម រង្ស៊ី នៅឆ្នាំ២០២៣ ខាងមុខនេះ ឬចូលរួមពាក់ព័ន្ធនឹងទណ្ឌិត គឺជាការល្មើសទៅនឹងច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដែលត្រូវប្រឈមនិងវិធានការយ៉ាងតឹងរ៉ឹងស្របតាមច្បាប់ជាធរមាន។

ព្រមជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៏ ក៏ប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសចំពោះទង្វើរបស់ទណ្ឌិត សម រង្ស៊ី និងអំពាវនាវដល់សាធារណជន កងកម្លាំងប្រដាប់អាវុធ និងគណបក្សនយោបាយទាំងអស់ កុំចាញ់បោក និងចូលរួមប្រព្រឹត្តអំពើខុសច្បាប់តាមការញុះញង់ និងការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ជៀសវាងការប្រឈមមុខនិងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងស្របតាមច្បាប់ជាធរមាន៕ ដោយ៖ ឧត្តម