ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសទុករយៈ ពេល២សប្តាហ៍ឲ្យអភិបាលខេត្តបាត់ដំបងលោក សុខ លូ និងខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ ដោះស្រាយបញ្ហាព្រំប្រទល់ នៅតំបន់មួយឲ្យបានចប់ ។ ជាមួយនឹងការទុកពេលត្រឹមរយៈ២សប្តាហ៍ឲ្យអភិបាលទាំង២ដោះស្រាយ មិនចេញទេ សម្តេចនឹងអញ្ជើញចុះទៅដោះស្រាយផ្ទាល់។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១៧ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ បានថ្លែងថា«ខ្ញុំបាននិយាយទូរស័ព្ទទៅអភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តប៉ៃលិនឲ្យកែសម្រួលព្រំប្រទល់រដ្ឋបាលឲ្យបានចប់ក្នុងរយៈពេល២សប្តាហ៍ទៀត»។
សម្តេចបានលើកឡើងទៀតថា រឿងព្រំប្រទល់រដ្ឋបាលខេត្តនេះបានធ្វើជាច្រើនជំនាន់«ខ្ញុំបាននិយាយអភិបាលបាត់ដំបង សុខ លូ ថាបើសិនធ្វើមិនចប់ក្នុងរយៈពេល២សប្តាហ៍ទៀតទេ ខ្ញុំនឹងចុះទៅផ្ទាល់តែម្តង ។ វាមិនមែនកាត់ដីឲ្យបរទេសឯណា ភូមិហ្នឹងជាភូមិបងប្អូនប្រជាពលរដ្ឋធ្វើសមាហរកម្ម ដល់ចេញមក អ្នកខ្លះបោះឆ្នោតនៅប៉ៃលិន បាត់ដំបង អីចឹងពិបាកណាស់ដោយសារបាត់ដំបងដីធំ»។
សម្តេចតេជោក៏បានឲ្យអភិបាលខេត្តបាត់ដំបងកាត់ដីប៉ុន្មានពាន់ហិកតា ឲ្យខេត្តប៉ៃលិនដើម្បីឲ្យប្រជាជនទទួលបានក្នុងការចុះឈ្មោះបោះឆ្នោត ហើយអាចដូរកន្លែង ចុះឈ្មោះ ទៅកន្លែងផ្សេង ឬនៅបោះឆ្នោតកន្លែងដដែល។ ម្យ៉ាងទៀតប្រជាពលរដ្ឋទទួលបានប្លង់ដើម្បីដាក់ធនាគារ។
បើតាមសម្តេចតេជោ ករណីមិនទាន់ដោះស្រាយចប់នេះដោយសារមានអ្នកធំមួយចំនួនបានដាំស្វាយ ។
សម្តេចក៏ឲ្យអ្នកទាំងនោះកុំធ្វើការរារាំង ពីព្រោះការកាត់ ដីនេះមិនបានបង់ដីទៅបរទេសណាទេ គឺនៅតែដីខ្មែរគ្រាន់តែនៅខាងខេត្តបាត់ដំបង និងខេត្តប៉ៃលិនប៉ុណ្ណោះ៕ រិន ចំរើន