ភ្នំពេញ ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានប្រកាសថា លោកមិនខ្លាចបាត់បង់តួនាទីជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោយចាប់ដៃជាមួយគណបក្សកម្ពុជានិយមនោះទេ។
ការប្រកាសមិនខ្លាចបាត់បង់នេះ ដោយសារលោកអះអាងថា ការមករួបរួមជាមួយគណបក្សកម្ពុជានិយម គ្រាន់តែដើម្បីបង្កើតប៉ូលនយោបាយថ្មីមួយ មិនមែនជាបក្សប្រឆាំងដូចលោក គង់ មុនីកាប្រធានគណបក្សឆន្ទៈខ្មែរទៅរួបរួមជាមួយគណបក្សភ្លើងទៀនដែលជាបក្សប្រឆាំងនោះទេ។
ក្រោយបញ្ចប់ការចុះកិច្ចព្រមព្រៀងជាមួយគណបក្សកម្ពុជានិយមលោកញឹក ប៊ុនឆៃ បានថ្លែងក្នុងសន្និសីទ សារព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ថា «លោក គង់ មូនីកា គាត់ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយមានតួនាទីនៅក្នុងរដ្ឋាភិបាលហើយ គាត់យកគណបក្សទាំងមូលទៅរួបរួម គណបក្សប្រឆាំង គឺមានបញ្ហាហើយ ។ រីឯខ្ញុំខុសពីគាត់ ខ្ញុំមានតួនាទីដូចគាត់ដែរប៉ុន្តែខ្ញុំមករួបរួមជាមួយគណបក្សកម្ពុជានិយម ។ នេះគ្រាន់ដើម្បីបង្កើតប៉ូលនយោបាយថ្មីមួយ មិនមែនជាបក្សប្រឆាំងទេ អីញ្ចឹងវាខុសគ្នា។ ខ្ញុំមិនបានព្រួយបារម្ភទេ ព្រោះតាមផ្លូវច្បាប់ មិនមានអ្វីដែលអាចបញ្ហានោះទេ»។
សម្រាប់លោក យ៉ែម បុញ្ញឬទ្ធិ ប្រធានគណបក្សកម្ពុជានិយម បានអះអាងដែរថា ការចាប់ដៃគ្នានេះ ដើម្បីធ្វើនយោបាយសន្តិសហវិជ្ជមាន ធ្វើទំនាក់ទំនងជាមួយបរទេស ឬប្រទេសមហាអំណាចណាក៏ដោយ គឺដើម្បីផលប្រយោជន៍កម្ពុជា។
សូមបញ្ជាក់ថា លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តបញ្ចប់តួនាទីជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់កាលពីពេលថ្មីៗកន្លងមកនេះ ក្រោយពីលោក បានសម្រេចចូលរួមជាមួយគណបក្សភ្លើងទៀន ៕ ដោយ៖ រិន ចំរើន