ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ»ដោយពិន័យជាប្រាក់ចំនួន ៩ លាន រៀលដើម្បីបង់ចូលថវិកាជាតិ។
“នារសៀលថ្ងៃទី៧ តុលា នេះ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមព្រហ្មទណ្ឌ លេខ ២៩០៧ ពាក់ព័ន្ធនឹងបណ្តឹងពីបទបរិហារកេរ្តិ៍ គ.ជ.ប ទៅលើជនជាប់ចោទឈ្មោះ សុន ឆ័យ ដែលបានធ្វើបទសម្ភាសន៍ជាមួយ លោក តាំង សារ៉ាដា តាមរយៈកម្មវិធី IDEA TALK កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២”។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ដែលជាម្ចាស់ដើមបណ្តឹង។
សាលាដំបូងរាជធានីភ្នំពេញ បានសម្អាងហេតុថា «នៅក្នុងរឿងនេះ អ្នកតំណាងដើមបណ្តឹងរដ្ឋប្បវេណី គ.ជ.ប ស្នើសុំតុលាការផ្តន្ទាទោសជនជាប់ចោទតាមច្បាប់ និងបង្គាប់ឱ្យឈ្មោះ សុន ឆ័យ ធ្វើលិខិតសុំទោសស្ថាប័ន គ.ជ.ប ជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ នោះតុលាការយល់ឃើញថា ដើម្បីស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ គ.ជ.ប ជាស្ថាប័នជាតិ បុគ្គល សុន ឆ័យ ចាំបាច់ត្រូវធ្វើលិខិតសុំទោសជាលាយលក្ខណ៍អក្សរផ្សាយជាសាធារណៈរយៈពេលចំនួន ២ខែ ដែលការយល់ឃើញនេះ តុលាការពុំចាំបាច់សរសេរក្នុងសេចក្តីសម្រេចនៃសាលក្រម»។
ចំពោះការសម្រេចនេះគ.ជ.ប បានបញ្ជាក់ថា តាមរយៈសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញគ.ជ.ប ពិតជាទទួលបានភាពស្អាតស្អំ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូរក្នុងនាមជាស្ថាប័នជាតិ។
សូមបញ្ជាក់ថា ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់បានប៉ុន្មានថ្ងៃគ.ជ.បបាបដាក់ពាក្យប្តឹងលោក សុន ឆ័យ ក្រោយលោកបាននិយាយថា មានការក្លែងបន្លំសន្លឹកឆ្នោត៕ ដោយ៖ រិន ចំរើន