ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យផ្ទាល់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។
ការចុះពិនិត្យនេះ បានផ្ដោតជាចំណុចសំខាន់ៗ នៃផ្លូវល្បឿនលឿនចាប់ផ្ដើមពីបញ្ជរបង់ប្រាក់ទី១ នៅរាជធានីភ្នំពេញ ស្ថានីយជញ្ជីងថ្លឹងរថយន្តធុនធ្ងន់ និងបានពិនិត្យពិភាក្សាលើរបៀបបង់ប្រាក់តាមបែបបច្ចេកវិទ្យា DIP ។
ក្នុងឱកាសនោះ គណៈប្រតិភូ ក៏បានអញ្ជើញចុះពិនិត្យមើលហេដ្ឋារេចនាសម្ព័ន្ធទីតាំងឈប់សម្រាកតាមបណ្ដោយផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុផងដែរ។
សូមជម្រាបជូនថា៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ជាផ្លូវខ្សែថ្មីមានប្រវែង១៨៧,០៥ គីឡូម៉ែត្រ តភ្ជាប់រាជធានី-ខេត្ត រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងខេត្តព្រះសីហនុ៕ ដោយ៖ ឆឹម ទិត