ភ្នំពេញ៖ ក្រសួងមហាផ្ទៃប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត និងលើកទឹក ចិត្តដល់អ្នកបោះឆ្នោតទាំងឡាយឱ្យប្រើប្រាស់សិទ្ធិសម្រេចចិត្តរបស់ខ្លួននៅក្នុងការបោះឆ្នោតខាងលើនេះស្របតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។
ការចេញមុខប្រឆាំងរបស់ក្រសួងមហាផ្ទៃនៅពេលនេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ និង បន្ទាប់ពី រយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងបានសង្កេតឃើញថា គណបក្សនយោបាយខ្លះបាននិងកំពុងធ្វើសកម្មភាពបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនតម្រូវ។
ទោះជាក្រសួងមហាផ្ទៃ មិនបានបង្ហាញឈ្មោះរបស់គណបក្សនយោបាយ នៅក្នុងសេក្តីប្រកាសព័ត៌មានក្តី ក៏គេដឹងថា សំដៅទៅគណបក្សភ្លើងទៀន ខណៈគណបក្សនេះ កាលពី២២ ខែមករា ឆ្នាំ២០២៤ បានចេញសេក្តីថ្លែងការណ៍ សម្តែងនូវការព្រួយបារម្ភ និងការខកចិត្តយ៉ាងខ្លាំងចំពោះការធ្វើឲ្យ រាំងស្ទះក្នុងការផ្លាស់ប្ដូរ ឬដោះដូរសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតមកពីគណបក្ស ភ្លើងទៀន។
ក្រសួងមហាផ្ទៃ អំពាវដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវស្រប តាមច្បាប់ស្តីពីគណបក្សនយោបាយ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយជៀសវាងនូវការធ្វើសកម្មភាពគំរាមកំហែងបង្ខិតបង្ខំដល់អ្នកបោះឆ្នោត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះគណៈកម្មាធិការជាតរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ១៥ ខែកុម្ភៈនេះ ក៏បានចេញសេកច្តីថ្លែងការណ៍ កត់សម្គាល់ឃើញថា ក្នុងរយៈពេលនេះ មានគណបក្សនយោបាយមួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាម កំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួន ជាអ្នកបោះឆ្នោត ឱ្យបោះឆ្នោតជូនគណបក្សនេះ ឬ គណបក្សនោះ ដែលជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃ ការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
គណៈកម្មាធិការជាតរៀបចំការបោះឆ្នោត សូមអំពាវនាវឱ្យគណបក្សនយោបាយ ដែលធ្វើ សកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏ដូច ជាការបោះឆ្នោតទទួលបានជោគជ័យ។ ករណីនៅតែប្រព្រឹត្តខុសច្បាប់ទៀត គណៈកម្មាធិការជាតរៀប ចំការបោះឆ្នោត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ជាងនេះទៅទៀត ការរក្សាការសម្ងាត់នៃ ការបោះឆ្នោតគឺជាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ៕
សូមអានសេចក្តីប្រកាសព័ត៌មាននៅខាងក្រោម៖